(ភ្នំពេញ)៖ កាលពី​សប្តាហ៍​មុន​កម្មវិធី​យល់ដឹង​ផ្នែកច្បាប់ របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​​ជាមួយ ក្រុម​​​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ បានលើក​ប្រធានបទ​ស្តីពី «សហជីព» មក​ជម្រាប​ជូនរួច​មកហើយ​។ ដោយ​ឡែ​ក​សម្រាប់​សប្តាហ៍​នេះ យើងសូមលើកយកនូវប្រធានបទថ្មីមួយទៀតស្តីពី «ប្រតិភូ​បុគ្គលិក» មកធ្វើការ​បកស្រាយ​ជូនបង​ប្អូន​ប្រជាពលរដ្ឋ សិស្សនិស្សិត វិញម្តង ។

នៅគ្រប់បណ្ដាសហគ្រាស និងគ្រឹះស្ថាន​ទាំងអស់​ដែលស្ថិត​នៅក្រោមប​ទប្បញ្ញត្តិ នៃច្បាប់ស្តី​ពីការងារ ហើយបាន​ប្រើប្រាស់​កម្មករនិយោជិត​ចាប់ពី៨ (ប្រាំបី) នាក់ ឡើងទៅ​ ត្រូវបង្កើត​ឲ្យមាន​ប្រតិភូបុគ្គលិក​​ ។ ការ​បង្កើត​ប្រតិភូបុគ្គលិក​នៅក្នុង​សហគ្រាស គ្រឹះស្ថាន គឺដើម្បីធ្វើជាតំណាងឲ្យកម្មករនិយោជិតតែមួយគត់ ។

តើអ្វីទៅដែលហៅថា ប្រតិភូបុគ្គលិក? ហើយប្រតិបុគ្គលិកមានតួនាទីអ្វីខ្លះនៅក្នុងសហគ្រាស និងគ្រឹះស្ថាន?

ប្រតិភូបុគ្គលិក គឺសំដៅដល់ អ្នកតំណាងកម្មករនិយោជិត តាមរយៈការបោះឆ្នោតជ្រើសរើស ចេញពីកម្មករនិយោជិត ដោយផ្ទាល់ ។ (មាត្រា៤ នៃច្បាប់ស្តីពីសហជីព)

យោងតាមប្រការ១ នៃប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់អំពីប្រភេទសហគ្រាស គ្រឹះស្ថានដែលត្រូវឲ្យមានប្រតិភូបុគ្គលិករួមមាន៖ គ្រឹះស្ថានឧស្សាហកម្ម ពាណិជ្ជកម្ម រ៉ែ សំណង់ សេវា ធនាគារ កសិកម្ម កំពង់ផែ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបង្រៀន និងផលិតកម្មផ្សេងៗ ទៀត ។

ចំនួនប្រតិភូបុគ្គលិកត្រូវកំណត់តាមសមាមាត្រនឹងចំនួនកម្មករ និយោជិតក្នុងសហគ្រាស គ្រឹះស្ថានដូចខាងក្រោម៖

- សហគ្រាស គ្រឹះស្ថានដែលបានប្រើប្រាស់កម្មករនិយោជិតចាប់ពី ៨ (ប្រាំបី) នាក់ ទៅ ៥០ (ហាសិប) នាក់ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិម្នាក់ និងប្រតិភូបុគ្គលិកជំនួយម្នាក់ ។
- កម្មករនិយោជិតចាប់ពី ៥១ (ហាសិបមួយ) នាក់ ទៅ ១០០ (មួយរយ) នាក់ ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិពីរនាក់ និងប្រតិភូបុគ្គលិកជំនួយពីរនាក់ ។
- កម្មករនិយោជិតលើសពី ១០០ (មួយរយ) នាក់ ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិ ១ (មួយ) នាក់បន្ថែម និងប្រតិភូបុគ្គលិកជំនួយ១ (មួយ) នាក់បន្ថែមរាល់ពេលដែលមានកម្មករនិយោជិត ១០០ (មួយរយ) នាក់បន្ថែមទៀត ។

ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក ជាភារកិច្ចរបស់​ម្ចាស់សហគ្រាសគ្រឹះស្ថាន ដោយនិយោជក ត្រូវធ្វើការអញ្ជើញ​តំណាង​កម្មករនិយោជិត ដើម្បី​ពិភាក្សា​​អំពី​បែបបទ​​ចាត់តាំង កាលបរិច្ឆេទ​​នៃការបោះឆ្នោត និងចំនួន​អាសនៈ​ដែលត្រូវ​បែងចែក​ទៅឲ្យគណៈ​អ្នកបោះ​ឆ្នោត ។ នៅពេលដែលសហគ្រាស គ្រឹះស្ថានមានសហជីពមួយ ឬច្រើន​ សហជីព​ទាំងនោះ​អាចធ្វើការ​ជ្រើសតាំង​បេក្ខជន​ឈរឈ្មោះទៅតាមចំនួនអាសនៈ នៃប្រតិភូបុគ្គលិកពេញសិទ្ធិ និងប្រតិភូបុគ្គលិកជំនួយ ។

ក្នុងករណីកម្មករនិយោជិតដែលមិនមែនជាសមាជិកសហជីព ក៏អាចឈរឈ្មោះជាបេក្ខជនប្រតិភូបុគ្គលិកពេញសិទ្ធិ និងប្រតិភូបុគ្គលិកជំនួយបានដែរ ។ ដោយនិយោជកត្រូវពិភាក្សាជាមួយសហជីពទាំងនោះ និងតំណាងកម្មករនិយោជិត ដើម្បីធ្វើការកំណត់អំពីបែបបទ កាលបរិច្ឆេទ និងចំនួនអាសនៈ ដែលត្រូវបែងចែកទៅឲ្យគណៈអ្នកបោះឆ្នោត ។

ដោយឡែកក្នុងករណីដែលសហគ្រាស គ្រឹះស្ថានដែលពុំមានសហជីព ឬពុំមានកម្មករនិយោជិតស្ម័គ្រចិត្តឈរឈ្មោះ ឬមិនអាចបំពេញលក្ខខណ្ឌឈរឈ្មោះជាបេក្ខជនប្រតិភូបុគ្គលិកពេញសិទ្ធិ ឬប្រតិភូបុគ្គលិក​ជំនួយ នោះ​​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈត្រូវធ្វើការដោះស្រាយលើបញ្ហានេះ ។

អំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកដូចខាងក្រោម៖

- ការបោះឆ្នោតត្រូវធ្វើដោយសម្ងាត់ ក្នុងម៉ោងធ្វើការ
- និយោជកត្រូវបិទផ្សាយបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​​ ព្រមទាំងបញ្ជី​ឈ្មោះ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​ជូនដល់​កម្មករនិយោជិត​ឲ្យបាន​ជ្រាបយ៉ាង​តិចរយៈពេល ៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការមុនថ្ងៃបោះឆ្នោត ។
- មុននឹងចែកសន្លឹកឆ្នោតដល់កម្មករនិយោជិតធ្វើការបោះឆ្នោត លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះ អ្នកទទួលខុសត្រូវរៀបចំការបោះឆ្នោត ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតសម្រាករយៈពេល២ ម៉ោង ដើម្បីធ្វើការត្រិះរិះពិចារណាដោយសេរីទៅលើបេក្ខជនដែលខ្លួនពេញចិត្ត ។
- ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតមកធ្វើការបោះឆ្នោតដោយផ្លាស់ប្តូរវេនគ្នា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលការបញ្ឈប់សកម្មភាពទាំងស្រុង អាចបណ្តាលឲ្យខូចខាតវត្ថុធាតុដើម អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត សន្តិសុខ ឬសុខភាពនៃប្រជាជន ។
- អ្នកបោះឆ្នោតមានសិទ្ធិពេញលេញជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ប៉ុន្តែត្រូវគោរពបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាដាច់ខាត ។

ប្រការ២ នៃប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

តួនាទីភារកិច្ចរបស់ប្រតិភូបុគ្គលិកមានបេសកម្មជាអាទិ៍៖

- ជាអ្នកនាំពាក្យប្រាប់និយោជកអំពីសេចក្តីតវ៉ារបស់កម្មករ និយោជិតម្នាក់ៗ ឬច្រើននាក់រួមគ្នាដែលមិនសុខចិត្តអំពីការអនុវត្តប្រាក់ឈ្នួល ការអនុវត្តការងារ បទបញ្ជាទូទៅនៃការងារ និងអនុសញ្ញារួមសម្រាប់អនុវត្តនៅក្នុងសហគ្រាស គ្រឹះស្ថាន ។
- ជម្រាបជូនអធិការការងារនូវបណ្តឹងតវ៉ាមិនសុខចិត្តនឹងការរិះគន់ផ្សេងៗ ពាក់ព័ន្ធដល់ការអនុវត្តបទប្បញ្ញត្តិច្បាប់ និងបទបញ្ជាការងារដែលអធិការការងារមានភារកិច្ចត្រួតពិនិត្យ ។
- មើលការខុសត្រូវលើការអនុវត្តបទប្បញ្ញត្តិខាងអនាម័យ និងសន្តិសុខការងារ ។
- លើកសំណូមពររាល់នូវវិធានការដែលមានប្រយោជន៍សម្រាប់រួមចំណែកការពារសុខភាព កែលម្អសន្តិសុខ និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត​ដែលធ្វើការនៅក្នុងសហគ្រាស គ្រឹះស្ថាន ពិសេសក្នុងករណីមានគ្រោះថ្នាក់ការងារ ។
- ប្រតិភូបុគ្គលិកត្រូវពិគ្រោះពិភាក្សាជាដាច់ខាត និងត្រូវជូន​យោបល់ ជាលាយលក្ខណ៍អក្សរ លើសេចក្តីព្រៀងបទបញ្ជាផ្ទៃក្នុង ដែលមានចែងក្នុងច្បាប់ការងារ ឬលើកគម្រោង នៃការកែសម្រួល បទបញ្ជាផ្ទៃក្នុង ។
- ប្រតិភូបុគ្គលិកក៏ត្រូវបានពិគ្រោះពិភាក្សា និងត្រូវជូនយោបល់ជាលាយលក្ខណ៍អក្សរលើវិធានការដែលគ្រោងឡើង សម្រាប់បញ្ឈប់កម្មករនិយោជិត ដោយសារការកាត់បន្ថយ​សកម្មភាព ឬការសើរើ​រៀបចំ​កិច្ចការ​ផ្ទៃក្នុង​របស់​សហគ្រាស​គ្រឹះស្ថាន ។
- នៅក្នុងសហគ្រាស គ្រឹះស្ថានដែលពុំទាន់មានសហជីព ប្រតិភូបុគ្គលិកអាចចុះអនុសញ្ញារួមអន្តរកាលជាមួយនិយោជក ។ អនុសញ្ញាអន្តរកាលនេះមានថិរវេលាមិនលើសពី ២ (ពីរ) ឆ្នាំ ។

ប្រតិភូបុគ្គលិកពេញសិទ្ធិ និងប្រតិភូបុគ្គលិកជំនួយ ត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិ២ (ពីរ) ឆ្នាំ ហើយអាចឈរឈ្មោះបោះឆ្នោតជាថ្មីឡើងវិញបាន ។ មុខងាររបស់ប្រតិភូបុគ្គលិកត្រូវបានបញ្ចប់នៅពេលទទួលមរណៈភាព លាលែងចេញពីតំណែង និងបញ្ចប់កិច្ចសន្យាការងារ ។ (មាត្រា៤១ នៃច្បាបស្ដីពីសហជីព)

ការបញ្ឈប់ប្រតិភូបុគ្គលិក ឬបេក្ខជនឈរឈ្មោះជាប្រតិភូបុគ្គលិកត្រូវតែមានការយល់ព្រមពីអធិការការងារ ។ ហើយការបញ្ឈប់ប្រតិភូបុគ្គលិកអាចត្រូវបានធ្វើឡើងតាមរយៈ៖

១. ការបញ្ឈប់ប្រតិភូបុគ្គលិកដោយនិយោជក៖

ការបញ្ឈប់ប្រតិភូបុគ្គលិក ឬបេក្ខជនដែលបានឈរឈ្មោះជ្រើសរើសប្រតិភូបុគ្គលិកពី​ការងារ ត្រូវតែមាន​ការយល់ព្រម​ពីផ្នែក​អធិការការងារ ។ វិធាននេះ​ត្រូវអនុវត្ត​ចំពោះអតីត​ប្រតិភូបុគ្គលិក ក្រោយពេល​ប​ញ្ចប់អាណត្តិ​របស់ខ្លួន​រយៈពេល៣ ខែ និងក្នុងរយៈពេល​៣ ខែ ចំពោះ​អតីតបេក្ខជន​ដែលមិនជាប់​ឆ្នោត ក្រោយការ​ប្រកាស​លទ្ធផល​នៃការបោះឆ្នោត ។

ក្នុងករណីមានកំហុសធ្ងន់នាយកសហគ្រាសអាចចេញសេចក្តីសម្រេចមួយបញ្ឈរជើងសាម៉ីខ្លួនភ្លាមៗបាន ប៉ុន្តែវាគ្រាន់តែជាវិធានបណ្ដោះអាសន្ន ក្នុងការរងចាំសេចក្តីសម្រេចរបស់អធិការ​ការងារ ។ ប្រសិនបើ​សេចក្តី​​សម្រេច​របស់អធិការ​ការងារ​​សម្រេចថា មិនយល់​ព្រម​ឲ្យបញ្ឈប់​ការងារ​របស់សាម៉ី​ខ្លួននោះ​ទេ នោះការបញ្ឈរ​ជើងនេះត្រូវ​បានទុកជាមោឃៈ ហើយការ​សម្រេចបញ្ឈរជើង របស់ម្ចាស់សហគ្រាសត្រូវបានលុបចោល ដោយពេញច្បាប់ ។

២. ការបញ្ឈប់ប្រតិភូបុគ្គលិកដោយកម្មករនិយោជិត៖

កម្មករនិយោជិតអាចបណ្តេញ ប្រតិភូបុគ្គលិកចេញពី តំណែងមុនពេល​ចប់​អាណត្តិបាន ក្នុងករណី​ដែលប្រតិភូបុគ្គលិក​ដែលជា​តំណាងកម្មករ​និយោជិតមិន​បានបំពេញ​ភារកិច្ច​របស់ខ្លួន ។ ការ​សម្រេច​សេចក្តី​ពីការ​បណ្តេញនេះ​ត្រូវធ្វើតាម​របៀប និងបែបបទ​បោះឆ្នោត​ដូចគ្នា​នឹងនីតិវិធី​នៃការបោះឆ្នោត​ជ្រើសផងដែរ ។

ដោយកម្មករនិយោជិតត្រូវធ្វើការ ជូនដំណឹងជាផ្លូវការទៅ អធិការការងារ​ក្នុងរយៈពេល៣ ថ្ងៃយ៉ាង​យូរ​បន្ទាប់​ពី​សម្រេច​​បណ្តេញ​​ប្រតិភូ​បុគ្គលិក​​ចេញពី​តំណែង ។ នៅ​ពេល​ដែល​ប្រតិភូបុគ្គលិក​ពេញសិទ្ធិ​ត្រូវបានបោះឆ្នោត​បណ្តេញចេញពី​តំណែង នោះរាល់​ការងារ​របស់ប្រតិភូបុគ្គលិក​ពេញសិទ្ធិ​ត្រូវបាន​ជំនួស​ដោយ​ប្រតិភូបុគ្គលិក​ជំនួយ​រហូតដល់​មាន​ការបោះឆ្នោតជ្រើសរើស ប្រតិភូបុគ្គលិកពេញសិទ្ធិ សម្រាប់អាណត្តិថ្មី ។

សូមបញ្ជាក់ផងដែរថា ប្រតិភូបុគ្គលិកដែលត្រូវបាន​កម្មករនិយោជិត​បោះឆ្នោតបណ្តេញចេញ​ពីតំណែង នៅតែជា​កម្មករ​និយោជិត​នៅក្នុងសហគ្រាស​ដដែល ។

សរុបសេចក្តីមក ប្រតិភូបុគ្គលិក គឺជាអ្នកតំណាងកម្មករ​និយោជិត តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ចេញពី​កម្មករ​និយោជិត​ដោយផ្ទាល់ និងត្រូវបាន​បង្កើត​តាមរយៈ​ការបោះ​ឆ្នោត ។ អ្នកដែល​មានសិទ្ធិឈរឈ្មោះជាប្រតិភូបុគ្គលិក​បាន គឺត្រូវ​មាន​អាយុចាប់ពី២៥ ឆ្នាំ ហើយ​បានបំពេញ​ការងារ​យ៉ាងតិច៦ (ប្រាំមួយ) ខែ នៅក្នុង​សហគ្រាស គ្រឹះស្ថាន​ដែល​ពួកគេបំពេញ​ការងារ ។

ប្រតិភូបុគ្គលិកដែលត្រូវបានជាប់ឆ្នោត គឺមានអាណត្តិ២ ឆ្នាំ ហើយអាចបន្តឈរឈ្មោះជាថ្មីឡើងវិញ​បាន ។ មុខងារ​របស់ប្រតិភូបុគ្គលិក ត្រួវបានបញ្ចប់​ដោយហេតុ​នៃមរណភាព ពេលលា​លែងចេញ​ពីតំណែង និងពេល​បញ្ចប់កិច្ចសន្យា ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និង លោក លាង ប៊ុនឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ [email protected] , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ Cambodia International Cooperation Law group៕