(ភ្នំពេញ)៖ «យើងទាំងអស់គ្នាដែលជាបុគ្គលម្នាក់ៗគ្រួសារនីមួយ ដែលកំពុងរស់នៅលើភពផែនដីនេះអាចចូលរួម ក្នុងការការពារភពផែនដីរបស់យើង បានដោយគ្រាន់តែចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី ចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់រឹងរាវសំរាម កាត់បន្ថយការដុតប្រេងឥន្ធនៈផូស៊ីល បិទម៉ាស៊ីនត្រជាក់ កំព្យូទ័រ និងសម្ភាៈប្រើប្រាស់ចរន្តអគ្គិសនីផ្សេងទៀតនៅពេលដែលលោកអ្នកចាកចេញពីការិយាល័យ ឬពីផ្ទះរបស់លោកអ្នក ព្រមទាំងប្រើប្រាស់សម្ភារៈដែលស៊ីភ្លើងតិច និងរស់នៅក្រោមប្រតិបត្តិបរិស្ថានល្អ»។
នេះគឺជាការអំពាវនាវរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងឱកាសនៃការប្រារព្ធពិធីទិវា “មួយម៉ោងសម្រាប់ភពផែនដី”ឆ្នាំ២០១៩ ក្រោមប្រធានបទ “ភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី” នៅក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ សែន សុខដោយមាន ការចូលរួមជាច្រើនរយនាក់។
«ទិវាមួយម៉ោងសម្រាប់ភពផែនដី» ត្រូវបានចាប់ផ្តើមប្រារព្ធលើកដំបូងនៅឆ្នាំ២០១៦ ដោយក្រសួងបរិស្ថានសហការជាមួយអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF) ហើយសម្រាប់ឆ្នាំ២០១៩នេះ ជាលើកទី៤ នៃការប្រារព្ធទិវានេះ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាគោលបំណងនៃការប្រារព្ធទិវានេះ គឺបំផុសចលនាមហាជនឱ្យចូលរួមទទួលខុសត្រូវលើការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពបរិស្ថាន ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងជួយសង្គ្រោះភពផែនដីរបស់យើងពីការកើនកំដៅ។ ដើម្បីធានាបានការរួមចំណែកនៅក្នុងការទប់ស្កាត់កំណើនកំដៅភពផែនដី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា ជាពិសេសការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ចាំបាច់ត្រូវយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពបរិស្ថាន ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់ ថាមពលកកើតឡើងវិញ ការប្រើថាមពលដោយវៃឆ្លាត។
លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ បានថ្លែងថាការបិទភ្លើងមួយម៉ោង គឺជាការបង្ហាញពីការសន្យាខ្ពស់របស់ប្រជាពលរដ្ឋដែលសកកម្មចូលរួម និងនាំគ្នាពិភាក្សាពីធម្មជាតិ ពីសមុទ្រ ពីសត្វព្រៃនិងពីព្រៃឈើ។ ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះគឺការភ្ជាប់ទំនាក់ ទំនងទៅនឹងភពផែនដី។ វាជាការអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងពិភពលោកភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឱ្យជិត បំផុតនឹងបញ្ហាបរិស្ថាន យកចិត្តទុកដាក់ ចូលរួមពិភាក្សា និងរកដំណោះស្រាយពីបញ្ហាបរិស្ថានដែលយើង កំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ នឹងជំរុញឱ្យមានការបើកទូលាយ លើការសន្ទនាក្នុងសង្គមអំពីបញ្ហាបរិស្ថាន និងជីវៈចម្រុះដើម្បីឱ្យប្រជាជនមានការយល់ដឹងកាន់តែស៊ីជម្រៅថា មនុស្សជាផ្នែកមួយនៃជីវៈចម្រុះ និងជីវៈចម្រុះជាផ្នែកមួយនៃភាពសុខុដុមរមនារបស់យើង ទាំងអស់គ្នា។
ការប្រារព្ធទិវា «មួយម៉ោងសម្រាប់ភពផែនដី» នៅឆ្នាំនេះធ្វើឡើងក្នុងបរិបទមួយដែលកម្ពុជា ក៏ដូច ជាប្រទេស មួយចំនួននៅតំបន់បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូតអែល នីណូ ដែលបានបង្កឱ្យ ធាតុអាកាស នារដូវប្រាំងនេះ ជាពិសេសក្នុងអំឡុងខែមេសា និងឧសភាខាងមុខ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ៤២ អង្សាសេ។ អាកាសធាតុក្តៅហួតហែងរបៀបនេះបាននិងកំពុង ជះឥទ្ធិពលដោយប្រយោលមកលើប្រទេសកម្ពុជា ធ្វើឱ្យមានរំហួតទឹកឆាប់រហ័ស ប្រភពទឹក មួយចំនួនបានរីងស្ងួត និងធ្វើឱ្យការប្រើប្រាស់ទឹក និងចរន្តអគ្គិសនីកើនឡើង។ នេះគឺជាសញ្ញា មួយយ៉ាងច្បាស់ បង្ហាញពីផលប៉ះពាល់ ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅសល់រយៈពេលជិត ២ ខែទៀត ទើបរដូវវស្សាចាប់ផ្តើម ហើយក្នុងរយៈពេលនេះ កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលបាតុភូតអែលនីណូ ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង។ អាកាសធាតុក្តីហួតហែងរបៀបនេះនឹងធ្វើឱ្យធនធានធម្មជាតិ ព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។ តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន យោងតាមរបាយការណ៍ ពីថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងថ្នាក់តំបន់បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនានារបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំជាពិសេសក្នុងរដូវប្រាំង។ កត្តាចម្បងដែលបង្កឱ្យមាន ភ្លើងឆេះព្រៃ ញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេរចរ ការតាំងទីលំនៅថ្មីៗនិងការដុតព្រៃដើម្បីចាប់សត្វព្រៃនិងការធ្វេសប្រហែសរបស់មនុស្ស។ល។
ដើម្បីបង្ការនិងទប់ស្កាត់ភ្លើងឆេះព្រៃ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងបរិស្ថាន សូមធ្វើការអំពាវនាវដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ចរួមទាំងសហគមន៍មូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តវិធានការដូចខាងក្រោម៖
១៖ ទប់ស្កាត់ និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីប្រមូលផលអនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ។ល។
២៖ ទប់ស្កាត់ការកាប់ឆ្ការ ទន្រ្ទាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។
៣៖ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ផ្សេងៗ នៅក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
៤៖ អាជ្ញាធរពាក់ព័ន្ធត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីទីតាំងប្រើប្រាស់ភ្លើង។
៥៖ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងចម្រុះ រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ស្មារតីនៃការប្រារព្ធ «ទិវាមួយម៉ោងសម្រាប់ភពផែនដី» នាពេលនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់កាន់តែមានការយល់ដឹង និងចូលរួមយ៉ាងសកម្មថែមទៀតក្នុងកិច្ចគាំពារបរិស្ថាន និងភពផែនដីយើងប្រកបដោយនិរន្តភាពនិងស្រស់បំព្រង៕