(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាឱកាសដឹកនាំមន្ត្រីក្រោមឱវាទ ជាង៣ពាន់នាក់ មកធ្វើទស្សនកិច្ចសិក្សា នាខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C., Speed Boat Cambodia) ដែលបានធ្វើសកម្មភាពលើការងារអភិរក្សសត្វព្រៃ ក៏ដូចជាសត្វសមុទ្រកម្រជាច្រើនប្រភេទទៀត រួមមានសត្វល្មិច ឬសត្វអណ្តើកសមុទ្រជាដើម ជាបន្តបន្ទាប់កន្លងមកនេះ។
ជាងនេះទៀត លោក ជា សុផារ៉ា ក៏បានគាំទ្រចំពោះសកម្មភាព របស់ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមវិស័យឯកជន នាខេត្តព្រះសីហនុ ដែលបានចូលរួមធ្វើការងារមនុស្សធ៌ម ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក អ្នកជម្ងឺខ្វះលទ្ធភាពព្យាបាល ជនចាស់ជរាខ្វះទីពឹង ជនពិការ និងកុមារកំព្រាជាដើម ដែលជាផ្នែកមួយ របស់វិសយ័ឯកជន ក្នុងចលនារួមចំណែកជួយដល់សង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកទឹកចិត្តដល់ លោកឧកញ៉ា ទៀ វិចិត្រ ក៏ដូចជាវិស័យឯកជនដទៃទៀត ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល លើការងារអភិរក្សសត្វព្រៃ និងសត្វកម្រគ្រប់ប្រភេទ ឲ្យបានគង់វង្ស និងសម្បូរបែបឡើងវិញ។
ជាងនេះទៀត លោក ជា សុផារ៉ា ក៏បានស្នើដល់យុវជន មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនផ្សេងៗ ត្រូវរួមគ្នាធ្វើការងារមនុស្សធ៌ម ឲ្យបានច្រើន ទៅតាមលទ្ធភាពជាក់ស្តែងរៀងៗខ្លួន ដើម្បីចូលរួមចែករំលែកទុក្ខលំបាក ដល់អ្នកជួបបញ្ហាខ្វះខាតទាំងនោះផង និងដើម្បីធ្វើកុសល្យផលបុណ្យផង។
បន្ថែមលើនេះ លោក ជា សុផារ៉ា ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាផងនោះ ក៏បានបំផុសដល់មហាជនទូទៅ ឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ដោយត្រូវរួមសហការគ្នាដាំកូនឈើនៅតាមទីតាំងរៀងៗខ្លួន ឲ្យបានច្រើន និងត្រូវថែរក្សាឲ្យបានគង់វង្ស។
នាឱកាសដឹកនាំមន្ត្រីរាជការក្រោមឱវាទ ក្រសួងរៀបចំដែនដី មកទស្សនាតាមឆ្នេរអូរត្រេះ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ លោក ជា សុផារ៉ា ក៏បានបំផុសឲ្យមន្ត្រីរាជការទាំងនោះ ចូលរួមដាំកូនឈើប្រណិតៗជាច្រើនដើម នៅតាមឆ្នេរអូរត្រេះ ក្រុងព្រះសីហនុថែមទៀតផង។
ទន្ទឹមគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកដឹកភ្ញៀវទេសចរណ៍ ប្រចាំខេត្តព្រះសីហនុ និងជាម្ចាស់ទីតាំងសម្រាកលម្ហែមានឈ្មោះថា «ម៉ាហ្វីយ៉ា រីស៊្សត» មានទីតាំងនៅ ឆ្នេរភ្លោះ កោះឋានសួគ៌ នៃសង្កាត់កោះរ៉ុងផងនោះ។
លោកឧកញ៉ា ក៏បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រធំៗ ចំនួន២ក្បាលបន្ថែមទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រនាឆ្នេរអូរត្រេះ ដោយមានការចូលរួមពី លោកឧបនាយក ជា សុផារ៉ា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងលោក ឈិន សេង ងួនអភិបាលស្តីទីខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមន្ទីរពាក់ព័ន្ធជាច្រើនទៀត ក៏បានអញ្ជើញចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធ៌មអូរបី(O3) ផងដែរនោះ ក៏បានថ្លែងសារអំពាវនាវ ក្នុងនាមវិសយ័ឯកជន ដល់ក្រុមយុវជន ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ ឲ្យចូលរួមសហការលើការងារអភិរក្សសត្វព្រៃ និងសត្វសមុទ្រកម្រគ្រប់ប្រភេទ រួមមាន៖ សត្វល្មិច ឬអណ្តើកសមុទ្រជាដើមកុំឲ្យបាត់បង់។
ជាពិសេសមិនត្រូវធ្វើនេសាទ ឬចាប់សត្វល្មិច យកមកចំអិនធ្វើម្ហូបអាហារទទួលទានទៀតទេ ព្រោះវាជាប្រភេទសត្វសមុទ្រកម្រ និងកំពុងត្រូវបានធ្វើការអភិរក្សថែមទៀតផង៕