(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យធ្វើការទប់ស្កាត់ និងបង្ក្រាបអោយខានតែបាន រាល់ការនាំចូលជ្រូកដោយខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសវិធានការទប់ស្កាត់ ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិចចូលមកកម្ពុជានោះ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ រួមមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ វរសេនាតូចលេខ២ (វរ:យោធាការពារព្រំដែន) នគរបាលអន្តោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្តកិច្ចជំនាញបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសហការគ្នា ចុះបង្ក្រាប និងឃាត់ម៉ូតូចំនួន០៤គ្រឿង រថយន្តដឹកជ្រូក០២គ្រឿង សរុបជ្រូក៣៧ក្បាល និងមនុស្សចំនួន០៤នាក់ ដែលធ្វើការចរាចរណ៍ដឹកជ្រូកខុសច្បាប់ ចូលតាមច្រករបៀងពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស ក្នុងភូមិសាស្ត្រជិតនឹងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បើតាមនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអន្តោរប្រវេសន៍ច្រកត្រពាំងផ្លុង បានឈរជើងនៅតាមតំបន់ច្រករបៀង ក្នុងដែនសមត្ថកិច្ចច្រកត្រពាំងផ្លុង ក៍ប្រទះឃើញក្រុមឈ្មួយដឹកជ្រូកពីវៀតណាម ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត ក៍បានឃាត់ខ្លួនក្រុមទាំងនោះ បន្ទាប់មកក៍បានរាយការណ៍ភ្លាមទៅកាន់លោកស្នងការខេត្ត និងលោកអភិបាលខេត្ត ។
ភ្លាមៗក្រោយទទួលដំណឹង លោកអភិបាលខេត្ត និងលោកស្នងការខេត្ត បានចាត់ឲ្យក្រុមសមត្ថកិច្ចចម្រុះ សហការគ្នាចុះទៅបង្ក្រាបជាបន្តបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ទើបប្រគល់មនុស្ស និងវត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
បើតាម លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា សមត្ថកិច្ចចម្រុះ រួមជាមួយពេទ្យសត្វអគ្គនាយកដ្ធានប្រចាំច្រកត្រពាំងផ្លុង និងមន្ត្រីបសុពេទ្យខេត្ត សហការគ្នាបង្ក្រាបឃាត់ម៉ូតូដឹកជ្រូកចំនួន០៤គ្រឿង ដឹកជ្រូកសរុបចំនួន១២ក្បាល និងកូនឡានកាមរី០១គ្រឿង ដឹកជ្រូកចំនួន០៧ក្បាល ព្រមទាំងឡាននីសសាន់ ដឹកកូនជ្រូកខ្វៃចំនួន២០ក្បាល ដោយគ្មានលិខិតអនុញ្ញា
តពីមន្ត្រីពេទ្យ ៕