(ភ្នំពេញ)៖ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកបានជួបជាមួយ លោក Savankhone Razmountry អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចររបស់ឡាវ និងជាប្រធានសមាគមអ្នកសារព័ត៌មានឡាវ ដែលជាសមភាគីរបស់ក្លិបអ្នកកាសែតកម្ពុជា នាថ្មីៗនេះ។
អំឡុងជំនួបនោះ លោក ពុយ គា បានអះអាងថា លោកអនុរដ្ឋមន្រ្តី Savankhone Razmountry បាននិយាយថា ប្រទេសឡាវបច្ចុប្បន្ននេះ បានរំពឹងទៅលើចិនស្ទើរទាំងស្រុង លើកំណើនសេដ្ឋកិច្ច វិស័យវិនិយោគ និងទេសចរ។
លោក Savankhone Razmountry ក៏បានបញ្ជាក់ប្រាប់ លោក ពុយ គា ទៀតថា នៅឆ្នាំ២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរចិន បានមកប្រទេសឡាវ មានចំនួនជាង៨០ម៉ឺននាក់ ហើយរំពឹងថាឆ្នាំនេះ ចិននឹងចូលមកជាង ១លាននាក់។
លោកបញ្ជាក់ថា ប្រទេសឡាវរកចំណូលពីវិស័យទេសចរបាន៧៥៥លានដុល្លារនៅឆ្នាំ២០១៨។ ឡាវកំពុងព្យាយាមគេចចេញពីឥទ្ធិពលវៀណាម ដោយយល់ថា ការរួមរស់ជាមួយចិន មានអនាគតល្អជាង នៅជាមួយវៀតណាម៕