(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងបន្តការសិក្សានៅខេត្តសៀមរាប ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងនូវការកោតសសេីរដល់ក្មួយៗយុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ដែលបានចាកចេញពីលំនៅដ្ឋាន ឪពុកម្តាយ មកបន្តការសិក្សានៅលេីទឹកដីខេត្តសៀបរាប ដែលមិនមែនជាទីកំណេីត បានខិតខំរៀនសូត្រ ចេះស្រឡាញ់រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ជាពលរដ្ឋល្អរួមសហការល្អជាមួយសហគមន៍មូលដ្ឋាន និងបានចូលរួមការងារសង្គម មនុស្សធម៌ ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងដោយមោទនភាពថា យុវជនខេត្តបន្ទាយមានជ័យ គឺជាមុខមាត់របស់ខេត្តបន្ទាយមានជ័យ ដូចនេះសូមក្មួយៗត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនងើបឡើងក្នុងនាមជាប្រជាជាតិស្មើមុខ ស្មើមាត់ជាមួយប្រជាជាតិដទៃ ស្គាល់ឱកាស បង្កឱកាស ក្តាប់ឱកាសឲ្យបានត្រឹមត្រូវ និងត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថេរភាពនយោបាយ ប្រឹងប្រែងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមានគោលនយោបាយច្បាស់លាស់ មិនយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ។
ជាមួយនឹងការគិតគូរថែរក្សាត្រពាំងឲ្យបានល្អ សម្រាប់បន្តវេនទៅថ្ងៃអនាគត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមកាងារបានឧបត្ថម្ភថវិកា សម្រាប់ជួយទ្រទ្រង់មូលនិធិយុវជនក្រីក្រខេត្តបន្ទាយមានជ័យ ចំនួន៣៨,០០០ដុល្លារ, ក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំខេត្តសៀមរាប ចំនួន៥០នាក់ ម្នាក់ទទួលបានថវិកា១០មុឺនរៀល និងយុវនិស្សិតខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅខេត្តសៀមរាប ចំនួន៤៥០នាក់ ម្នាក់ទទួលបានថវិកា៥មុឺនរៀលផងដែរ៕