(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅ ភូមិព្រែកតាគង់ ជាច្រើនគ្រួសារ កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះការបាក់ច្រាំងទន្លេ ហើយពួកគាត់បារម្ភខ្លាចបាក់ដី និងប៉ះពាល់ដល់ភូមិដែលមានលំនៅឋានរស់នៅតាមដងទន្លេនេះ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍នេះ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត និងអាជ្ញាធរមូលដ្ឋានបានចេញអន្ដរាគមន៍ជាបន្ដបន្ទាប់ដែរ ប៉ុន្ដែដោយសារទំហំនៃការបាក់ធំ ហើយចេះតែបន្ដកើតឡើងជាបន្ដបន្ទាប់ ហេតុនេះប្រជាពលរដ្ឋបន្ដស្នើសុំកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់។
លោកស្រី ប្រាក់ សោ ភា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ករណីបាក់ច្រាំងទន្លេនេះ បានកើតឡើងប្រហែល៣ ទៅ៤ឆ្នាំមកហើយ ប៉ុន្តែជារើយៗ អាជ្ញាធរមូលដ្ឋាន និងខាងជំនាញរបស់រាជធានីភ្នំពេញ បានចុះមកចាក់ដីបំពេញជាហូរហែរផងដែរ។ ប៉ុន្តែថ្មីៗនេះបន្ទាប់ពីមានភ្ញៀវធ្លាក់ ប៉ុន្មានមេមក ធ្វើឱ្យច្រាំងទន្លេមុខផ្ទះរបស់គាត់បន្តបាក់កាន់តែខ្លាំង រហូតជិតដល់ផ្ទះគាត់តែម្តង។
លោកស្រី បានបង្ហាញពីក្តីព្រួយបារម្មណ៍ និងភិតភ័យយ៉ាងខ្លាំងដោយសារតែទំហំ នៃការបាក់ច្រាំងទន្លេនេះ ធំជាងមុខរហូតដាច់ផ្លូវ ដែលប្រជាពលរដ្ឋធ្វើដំណើរ ដែលមិនសល់មួយម៉ែត្រពីផ្ទះរបស់គាត់ ហើយរាល់យប់លោកស្រី និងគ្រួសារគេងមិនដេលលក់នោះទេ គឺខ្លាចច្រាំងទន្លេបន្តបាក់នាំយកផ្ទះគាត់ទៅជាមួយ ហើយប៉ុន្មានថ្ងៃនេះលោកស្រី និងអ្នកភូមិបានរ៉ៃអង្គាសថវិកាគ្នា ដើម្បីអាចម៌ដី យកមកចាក់បំពេញនៅកន្លែងបាក់នេះ។ ប៉ុន្តែដោយសារតែខ្វះថវិកា ដូច្នេះ មានតែសុំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រី ដើម្បីចុះពិនិត្យស្រាវជ្រាវចំពោះករណីបាក់ច្រាំងទន្លេនេះ ឱ្យកាន់តែឆាប់រហ័ស។
ជាមួយគ្នានេះដែរ ក្រុមប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់អាជ្ញាធរក៏ដូចជា មន្ទីរជំនាញមេត្តាចុះមកត្រួតពិនិត្យមើល ទីតាំងបាក់ច្រាំងទន្លេនេះផងថា តើការបាក់ច្រាំងទន្លេនេះ បណ្តាលមកពីមូលហេតុអ្វីឱ្យច្បាស់លាស់ ព្រោះកន្លងមកមានមន្ត្រីជំនាញចុះមកពិនិត្យ និងបានចាក់ដីបំពេញកន្លែងបាក់នេះ ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព៕