(ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានគូសបញ្ជាក់ថា ប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ធ្វើឲ្យមានការរីកចម្រើនអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
នេះជា លើកឡើងក្នុងពេលដែលលោកស្រី តំណាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអភិសេកប្រាសាទចតុមុខ នៅក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។
មិនតែប៉ុណ្ណោះសម្តេចទាំងពីរ គឺជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លា ដោយបានប្រែក្លាយពីប្រទេស ដែលពោរពេញទៅដោយសង្រ្គាម មកជាប្រទេស ដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសាសនាក៏ត្រូវបានរស់ឡើងវិញ។
ជាក់ស្តែងពិធីបុណ្យឆ្លងនាពេលនេះ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាផង ក៏ដូចរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិផង និងបានទទួលអានិសង្ឃផលបុណ្យ យ៉ាងត្រចះត្រចង់ផងដែរ ។ សមិទ្ធផលថ្មីនេះ ពិតជា រួមចំណែកជួយដល់ខេត្តព្រះវិហារ ក្នុងការជំរុញដល់ការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងស្វែងយល់ពីអរិយធម៌វប្បធម៌ខ្មែរដ៏រុងរឿង ថែមទាំងបានរួមចំណែកប្រមូលថវិកាជូនជាតិទៀតផង។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបញ្ជាក់បន្ថែមថា ប្រាសាទចតុមុខនេះ គឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជាច្រើន នៅក្នុង ក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ)។ ប្រាសាទនេះ មានរូបរាងជា ព្រះពុទ្ធទ្រង់ឈរបែរទល់ខ្នងគ្នា ចំនួន៤ទិស ដែលយើងកម្រឃើញមានប្រាសាទផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ហើយការចូលរួមថែរក្សា និងការអភិរក្សប្រាសាទនេះ គឺធ្វើឡើងក្នុងគោលបំណង៖ ១ ៖ ការកំណត់កាលបរិច្ឆេទរបស់ប្រាសាទ, ២៖បញ្ចៀសការដើរជាន់ព្រះកេសព្រះពុទ្ធពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនានៅទីនេះ, ៣៖លើកកម្ពស់វិស័យទេសចរវប្បធម៌ និងសាសនា និង ៤៖ទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់។
សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី បានសិក្សាស្រាវជ្រាវ និងជួសជុលប្រាសាទនេះឡើងវិញ ដោយប្រើពេលវេលាប្រមាណជាង៥ខែ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបបានបញ្ចប់ ក្រោមកិច្ចសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្ត រួមជាមួយអង្គភាពពាក់ព័ន្ធនានា៕