(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា វិនិយោគិនចិន នៃកោះហៃណាន់ និងម៉ាកាវបានចាប់អារម្មណ៍អំពីសក្តានុពល វិនិយោគនៅកម្ពុជា និងបានសន្យាថា នឹងរកពេលវេលាសមស្រប មកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ និងឧស្សាហកម្ម។
លោក យន្ត មីន បានថ្លែងយ៉ាងដូច្នេះ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការចូលរួមវេទិការសន្ទនាអភិបាលខេត្តអាស៊ាន និងចិន រយៈពេល ៥ថ្ងៃនៅប្រទេសចិន។
នៅពេលអញ្ជើញដល់ព្រលានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ លោក យន្ត មីន បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងទៀតថា រដ្ឋបាលខេត្តព្រះសីហនុ បានទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋបាលខេត្ត របស់ប្រទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅតំបន់ស្វ័យត័ម៉ាកាវ និងកោះហៃណាន់ ព្រមទាំងបានធ្វើទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍មួយចំនួន របស់ប្រទេសចិនផងដែរ។
លោក យន្ត មីន បានឱ្យដឹងបន្តថា ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ បទពិសោធន៍នៃការអភិវឌ្ឍខេត្តពីគ្នាទៅវិញទៅមក ការពង្រឹងមិត្តភាព និងសាមគ្គីភាពរវាងគ្នានិងគ្នា។
លោកបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ លោកក៏បានបង្ហាញអំពីសក្តានុពលដ៏ល្អរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ព្រមទាំងបានអំពាវនាវដល់វិនិយោគិនចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕