(ភ្នំពេញ)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំគណៈប្រតិភូខេត្តរតនគិរីចំនួន៨រូប រួមមានថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ វប្បធម៌ ព័ត៌មាន ពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្ត អញ្ជើញទៅចូលរួមពិធីបុណ្យវប្បធម៌ និងទេសចរណ៍អន្តរជាតិនៅទីក្រុងឆុងជ័រ ខេត្តក្វាងស៊ី នៃប្រទេសចិន នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើង តបតាមការអញ្ជើញ របស់ការិយាល័យការបរទេស និងប្រជាជនចិននៅក្រៅប្រទេស ទីក្រុងឆុងជ័រ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ការដឹកនាំប្រតិភូចូលរួមពិធីខាងលើនេះគឺជាការរឹតចំណងមេត្រីភាពអោយកាន់តែស្និទ្ធស្នាល ជឿជាក់ និងពង្រឹងអោយកាន់តែប្រសើរថែមទៀតនូវការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវប្បធម៌ជាទ្វេរភាគីរតនគិរី~ទីក្រុងឆុងជ័រ។
គូសបញ្ជាក់ផងដែរថា ខេត្តរតនគិរី និងទីក្រុងឆុងជ័រនៃខេត្តក្វាងស៊ី បានចុះកិច្ចព្រមព្រៀងបង្កើតចំណងមេត្រីភាព ក្នុងរូបភាពផ្សេងៗ និងបានលើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមក រវាងប្រជាជន និងប្រជាជន៕