(ព្រះសីហនុ)៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាង ៣,០០០នាក់ បានឈរផ្គុំគ្នាចេញជាពាក្យមួយឃ្លាថា «ឆ្នេរសមុទ្រកម្ពុជា» នៅលើឆ្នេរអូត្រេះ ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការឈរតម្រៀបគ្នាចេញជាពាក្យមួយឃ្លានេះ បានធ្វើឡើងក្នុងអំឡុងពេលដែលមន្ដ្រីរបស់ក្រសួងរៀបចំដែន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានបំពេញទស្សនកិច្ចនៅក្នុង ខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានចុះទៅពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន៤កន្លែង ដែលសាងសង់ជិតរួចរាល់ និងចុះដាំកូនឈើព្រៃកោងកាង នៅតាមតំបន់ដៃសមុទ្រ។
តាមរយៈពាក្យ «ឆ្នេរសមុទ្រកម្ពុជា» ត្រូវបានរំលេចឡើងដោយការឈរតម្រៀបគ្នារបស់មន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ប្រមាណ៣,០០០នាក់នេះ គេអាចសន្និដ្ឋានបានថា ជាការបង្ហាញនូវឆន្ទៈរួមគ្នាដ៏មុះមុត ដើម្បីរក្សា ការពារតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា «តារារះនៃទិសនរតី» ឲ្យកាន់តែល្អបន្ថែមទៀត។
មួយរយៈពេលចុងក្រោយនេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ក្នុងឋានៈជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរំដោះឆ្នេរសមុទ្រកម្ពុជា ចេញពីការវាយប្រហារដោយទឹកកខ្វក់ ដែលបានបង្ហូរចាក់ចូលយ៉ាងគំហុក ធ្វើឲ្យមានការប៉ះពាល់ដល់សោភ័ណ្ឌយ៉ាងខ្លាំង ពិសេសរំខានដល់ភ្ញៀវទេសចរដែលទៅទស្សនា និងងូតលេងកម្សាន្ដ។
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដោយមិនខ្លាចការនឿយហត់មិនថាយប់ថ្ងៃនោះ នៅទីបំផុតឆ្នេរសមុទ្រកម្ពុជា ក៏ត្រូវបានរំដោះចេញពីស្ថានភាពនៃការបង្ហូរទឹកកខ្វក់ចូល តាមរយៈការសាងសង់ និងជួសជុលឡើងវិញ នូវអាប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែង នៅខេត្តព្រះសីហនុ។
រហូតមកដល់ពេលនេះ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទាំង៤កន្លែងនេះ បាននិងកំពុងសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅមុនពិធីបុណ្យចូលឆាំ្នប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ ដែលស្ថានីយនីមួយៗមានសមត្ថភាព បូមបញ្ជៀសទឹកសម្អុយ និងបូមបង្វែរទឹកកខ្វក់ទាំងអស់នេះ កុំឲ្យហូរចូលសមុទ្រ ស្ថិតនៅភូមិសាស្ត្រក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សរុបមកវិញរូបភាពមួយសន្លឹក ដែលថតនៅលើឆ្នេរអូត្រេះរបស់មន្ដ្រីនៃក្រសួងរៀបចំដែនដី ហើយចេញជាពាក្យថា «ឆ្នេរសមុទ្រកម្ពុជា» ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងពួតដៃគ្នារបស់មន្ដ្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីប្ដេជ្ញារក្សាការពារឆ្នេរសមុទ្ររបស់កម្ពុជា ឲ្យកាន់តែមានសោភ័ណ្ឌ និងកាន់តែទាក់ទាញភ្ញៀវទេសចរ៕