(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើលិខិតថ្លែងអំណរគុណឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលបានដឹកនាំ សមាជិកសមាជិកា គណៈកម្មាធិការ ចុះបំពេញបេសកកម្មតាមដាន ជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ ក្រុមការងារថ្នាក់ខេត្ត ក្នុងការអនុវត្តការងារ តភ្ជាប់ប្រព័ន្ធទឹកកខ្វក់ ការស្តារលូ អូរ ប្រឡាយ ការបង្កើន សមត្ថភាពស្ថានីយ៍ចម្រុះទឹកកខ្វក់ ខេត្តព្រះសីហនុ ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន ៤ទីតាំង និង ការពង្រឹងការអនុវត្តច្បាប់ជាច្រើន។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមគោរពថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដោយស្មោះ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន អគ្គលេខាធិការ សមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំ អនុវត្តការងារនេះ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ»។
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍ និងការលើកកម្ពស់បរិស្ថាន ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០១៩ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមានការចូលរួមពីមន្ត្រីតាមបណ្តាខេត្តរាធានី ចំនួន៣ពាន់នាក់។
ទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍ និងការលើកកម្ពស់បរិស្ថាន រៀបចំឡើងដើម្បីយល់ដឹងពីការរីកចំរើន សេដ្ឋកិច្ច ទេសចរណ៍ ជាពិសេសលើវិស័យ រៀបចំដែនដី និងសំណង់ ដែលមានការរើកចំរើន យ៉ាងឆាប់រហ័ស ក្នុងក្រុងព្រះសីហនុ និងការស្វែងយល់ពីការថែរក្សា បរិស្ថាននៅតាមទីសាធារណៈនានា ដូចជា នៅតាមឆេ្នរ តាមផ្លូវ និងតាមការដ្ឋានសំណង់ ក្នុងខេត្តព្រះសីហនុ៕