(ព្រះសីហនុ)៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍ និងការលើកកម្ពស់បរិស្ថាន ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ដល់៣១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមានការចូលរួមពីមន្ត្រីតាមបណ្តាខេត្តរាធានី ចំនួន៣ពាន់នាក់។

ទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍ និងការលើកកម្ពស់បរិស្ថាន រៀបចំឡើងដើម្បីយល់ដឹងពីការរីកចំរើន សេដ្ឋកិច្ច ទេសចរណ៍ ជាពិសេសលើវិស័យរៀបចំដែនដី និងសំណង់ ដែលមានការរើកចំរើន យ៉ាងឆាប់រហ័ស ក្នុងក្រុងព្រះសីហនុ និងការស្វែងយល់ពីការថែរក្សា បរិស្ថាននៅតាមទីសាធារណៈនានា ដូចជា នៅតាមឆេ្នរ តាមផ្លូវ និងតាមការដ្ឋានសំណង់ ក្នុងខេត្តព្រះសីហនុ។

លោកបានឲ្យដឹងថា ការធ្វើទស្សនកិច្ច មន្ត្រីមកពីមន្ទីរ តាមរាធានី-ខេត្តទាំងអស់របស់ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានគោលដៅធំ២ គឺការចុះពិនិត្យសិក្សា លើទីតាំងការអភិវឌ្ឍនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធឡាយទឹកកខ្វក់ ដើម្បីលើកស្ទួយដល់បរិស្ថានធម្មជាតិរបស់ខេត្តព្រះសីហនុ និងការបង្ហាញឲ្យឃើញពី សមិទ្ធិផលដែលគណៈកម្មធិការ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើ រួមមាន ទីតាំងស្ថានីយបូមទឹកកខ្វក់ទាំង៤ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ១៦ហិចតា និងការស្តារប្រឡាយបង្ហូរទឹកនៅតំបន់អូរត្រះ ដែលជាសមិទ្ធិផល ថ្មីមួយទៀតរបស់រាជរដ្ឋភិបាលកម្ពុជា ពិសេសគឺធ្វើឲ្យឆេ្នរ និងសមុទ្រក្នុងខេត្តព្រះសីហនុ មានបរិស្ថាន កាន់តែល្អ និងមានភាពស្រស់ស្អាត។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) រៀបចំស្ថានីយ បូមបង្វែទឹកកខ្វក់ កុំឱ្យហូរចូលក្នុងសមុទ្រចំនួន ៤ទីតាំង គឺស្ថានីយ៍បូមទឹកកខ្វក់ទី១ នៅឆ្នេរឯករាជ្យ ស្ថានីយ៍បូមទឹកកខ្វក់ទី២ នៅឆ្នេរសុខា ស្ថានីយ៍បូមទឹកកខ្វក់ទី៣ នៅឆ្នេរអូរសំអាត និងស្ថានីយ៍បូមទឹកកខ្វក់ទី៤ នៅឆ្នេរអូរឈើទាល ដើម្បីបូមបង្វែទឹកកខ្វក់ទាំងអស់ពីទីតាំងនេះបញ្ជូន ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលក្រសួង សាធារណការ និងដឹកជញ្ជូនរៀបចំ ដោយមិនឱ្យហូរចូលសមុទ្រវិញទៀត។

សមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្រុងព្រះសីហនុ នៅលើផ្ទៃដីទែំហំ ១៦ហិកតា ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥៧០០ ម៉ែត្រគូប/ថ្ងៃ ឱ្យកើនដល់ ២៥០០០ ម៉ែត្រគូប/ថ្ងៃ ដោយបំពាក់ប្រព័ន្ធម៉ាស៊ីនមេកានិចស្វ័យប្រវត្តិ។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ទស្សនា មានការដាំ ដើមឈើ នាងនួនជាច្រើនដើមនៅតាមទីសាធារណៈដើម្បីធ្វើឲ្យ ក្រុងព្រះសីហនុក្លាយជាទីក្រុងបៃតង៕