(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ ក្បែរផ្សារស្ទឹងមានជ័យថ្មី ស្ថិតតាមណ្តោយផ្លូវលេខ២១៧ ផ្ទះលេខ១៧A ក្រុម១ ភូមិទ្រា៣ នៅស្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បានរលត់ទាំងស្រុងហើយ។

យោងតាមរបាយការណ៍របស់លោក ព្រំ យ៉ត ប្រធានការិយាល័យពន្លត់អគ្គិភ័យដែល Fresh News ទទួលបាន, បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ របាយការណ៍នេះបញ្ជាក់ថា មូលហេតុដែលបង្កជាអគ្គិភ័យ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ផ្ទះនេះជាប្រភេទសំណង់ថ្មបេតុង ទំហំ០៤ម៉ែត្រ គុណនឹង០៨ម៉ែត្រ ដែលការខូចខាត គឺបានឆេះជាន់ទី១ទំហំ ដោយសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងរោលផ្ទះអ្នកជិតខាងបន្តិចបន្តួច។ នេះបើយោងតាមរបាយការណ៍ដដែល បានបញ្ជាក់បន្ថែម។

ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តការិយាអន្លត់អគ្គិភ័យ ចំនួន ១០គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១០ឡាន, រថយន្តជំនួយរបស់អគ្គិភ័យកងរាជអាវុធ រាជធានីភ្នំពេញចំនួន ០៤គ្រឿង ដោយប្រាស់ទឹកអស់ ០៤ឡាន, រថយន្តអគ្គិភ័យផ្សារស្ទឹងមានជ័យថ្មីចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡានផងដែរ។

ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលបានដឹកនាំកម្លាំងអាជ្ញាធរចុះជួយអន្តរាគមន៍ផងដែរនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមនាំគ្នាប្រយ័ត្នគ្រប់ៗគ្នា ចំពោះគ្រោះអគ្គិភ័យ ដោយសាររដូវនេះអាកាសធាតុក្តៅមានការកើនឡើងផងដែរ៕