(ក្រចេះ)៖ កម្លាំងនគរបាលស្រុកចិត្របុរី ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបើកប្រតិបត្តការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅលើផ្លូវជាតិលេខ៧ ចំណុចអង្គ្រង ស្ថិតនៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្រ្តីនគរបាលស្រុកចិត្របុរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ថាជនសង្ស័យទី១៖ ឈ្មោះ ជឿន អាយុ៣២ឆ្នាំ ទីលំនៅភូមិសំពុង ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះនិងជនសង្ស័យទី២៖ ឈ្មោះ ចិត្ត ចាន់ធី អាយុ៣៧ឆ្នាំ ទីលំនៅភូមិ ដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។

កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ៦កញ្ចប់ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន០២គ្រឿង និងម៉ូតូចំនួន០១គ្រឿង។

មន្រ្តីនគរបាលរូបបានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ហើយកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕