(កណ្តាល)៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ស្ត្រី ហើយការវិនិយោគលើសមភាពយ៉េនឌ័រ គឺជាការចូលរួមដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
ការលើកឡើងបែបនេះ លោកស្រី សឿ សុជាតា បានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រីអញ្ជើញអមដំណើរ លោកទេសរដ្ឋមន្ត្រី សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងសិក្ខាសាលាស្តីពី «ស្ត្រីត្រចះត្រចង់» ដែលរៀបចំឡើងដោយសមាគមអតីតនិស្សិត សាកលវិទ្យាល័យឆាលស្ទីតកម្ពុជា ស្ថិតនៅវិទ្យាល័យ «ហ៊ុន សែន» ខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកស្រី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ត្រីនៅទូទាំងប្រទេសកម្ពុជា គឺមានសន្ទុះអភិវឌ្ឍយ៉ាងល្អ ទោះបីបច្ចុប្បន្ននេះ កំណើនស្ត្រីដែលបានទទួលតួនាទីនៅក្នុងជួររាជរដ្ឋាភិបាល នៅមានកម្រិតទាបនៅឡើយ ក៏ប៉ុន្តែបើក្រឡេកទៅមើលផ្នែកសេដ្ឋកិច្ចវិញ មានស្ត្រីជាច្រើន បានប្រែក្លាយទៅជាប្រធានក្រុមហ៊ុន អ្នកដឹកនាំអាជីវកម្ម ព្រមទាំងដឹកនាំវិស័យនានា ដែលមានកំណើនយ៉ាងខ្លាំងផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានបន្តថា សម្រាប់កិច្ចការប្រឡងប្រណាំងទៅលើកម្រិតជាតិ និងអន្តរជាតិ ស្ត្រីកម្ពុជា បានដើរតួនាទី និងមានសន្ទុះយ៉ាងល្អ បើប្រៀបធៀបនឹងអតីតកាល ទាំងនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកម្ពស់ស្ត្រី សមធម៌យេនឌ័រ នៅក្នុងសង្គមកម្ពុជាឱ្យមានការរីកចម្រើន ព្រមទាំងមានសិទ្ធិចូលក្នុងសកម្មភាពនានា របស់ជាតិ និងក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ច ដ៏ល្អប្រសើរបំផុត ការបង្កើនភាពអង់អាចស្ត្រី និងក្មេងស្រី ដែលមានសារៈសំខាន់ក្នុងការចូលរួម សម្រេចបាននូវកំណើន សេដ្ឋកិច្ចប្រកប ដោយ សមធម៌។
ជាក់ស្តែងនៅក្នុងសង្គមគ្រួសារតូចមួយ បើមានម្តាយដែលមានចំណេះដឹង ម្តាយដែលមានគុណធម៌ មានឥរិយាបទដ៏ល្អ ឥរិយាបទវិជ្ជមាននោះ នៅក្នុងគ្រួសារតែងតែមានការអភិវឌ្ឍ មានរបៀបរបបរស់នៅថ្លៃថ្នូរ សមរម្យ ការទុកដាក់ផ្ទះសម្បែង ព្រមទាំងការអប់រំកូនឱ្យដើរតាមគន្លងប្រពៃណី ច្បាប់ ដែលធ្វើឱ្យគ្រួសារនោះមានសុភមង្គលផងដែរ។
លោកស្រី បានបន្ថែមថា នៅក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដំណាក់កាលទី១, ២ និងទី៣ បានកំណត់ថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ហើយសម្តេចតេជោហ៊ុន សែន បានគាំទ្រ និងលើកកំពស់តួនាទីស្ត្រីឱ្យកាន់តែសំខាន់ កាន់តែសកម្មដើម្បីរួមចំណែកក្នុហការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបានចាត់ទុកស្ត្រីជាត្បូង មានតម្លៃពុំអាចកាត់ថ្លៃបាន។ លោកស្រីបានបន្ថែមថា ការអភិវឌ្ឍន៍ស្ត្រី បានផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី តាមរយៈការផ្តល់អំណាចផ្នែកសេដ្ឋកិច្ច ការទទួលបានកិច្ចការពារផ្លូវច្បាប់កាន់តែប្រសើរ និង ការបង្កើតការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ។
ទន្ទឹមនឹងនេះដែរអ្នកស្រី ឡេង សុម៉ាលី នាយិកាគម្រោងស្ពឺត្រចះត្រចង់ បានលើកឡើងថា ស្ត្រីគឺជាសសរទ្រងដ៏រឹងមាំរបស់ជាតិ និងក្រុមគ្រួសារ។ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ អ្នកស្រីបានបន្ថែមថា ស្ត្រីគួរត្រូវបានលើកទឹកចិត្តបន្តការសិក្សា ឱ្យបានខ្ពង់ខ្ពស់។ ជាមួយគ្នានេះ អ្នកស្រីក៏បានលើកអំពីបុរសដែលជាកត្តាលិករជំរុញដ៏សំខាន់ ដើម្បីមានភាពស្មើមុខស្មើមាត់ ពុំអាចអវត្តមានបាន។
គូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចូលរួមគាំទ្រការអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍជាតិក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆន្ទុះសហការគាំទ្រគោលនយោបាយអប់រំដោយមានការលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំបោះបង់ការសិក្សា ជួយតម្រង់ទិសក្នុងការកំណត់គោលដៅជីវិតនិងជ្រើសរើសជំនាញរបស់ខ្លួន នៅតាមមហាវិទ្យាល័យនានា៕