(កំពង់ស្ពឺ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានចែករំលែកបទពិសោធន៍ជីវិតមួយចំនួន ជូនទៅដល់កុមារជាង៤០០នាក់ សិក្សានៅសាលាបឋមសិក្សា ភ្នំពិត ដែលជាសាលាបឋមសិក្សា ដាច់ស្រយោលមួយកន្លែង ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ និយាយទៅកាន់កុមារតូចៗទាំងនោះ លោកស្រី ទ្រី ដាណា បានពោលពាក្យក្នុងចិត្តថា «ភាពក្រលំបាក មិនមែនជាឧបសគ្គសម្រាប់អ្នកជោគជ័យ តែភាពខ្ចិលទៅវិញទេ ដែលជាឧបសគ្គសម្រាប់យើង»។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ទ្រី ដាណា និងស្វាមី គឺលោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងតំណាងដេប៉ូ និងចែកចាយគ្រឿងសំអាងម៉ាក N.N.P បានចុះធ្វើសកម្មភាពមនុស្សធម៌ ជូនដល់កុមារខ្វះខាត ជិត៤០០នាក់ នៅសាលាបឋមសិក្សា ភ្នំពិត ស្ថិតនៅភូមិខ្លាចកន្ទួត ឃុំស្វាយចចិប ស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
ដោយសារតែខ្លួនកើតចេញពីត្រកូលក្រីក្រ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានជំរុញឲ្យកុមារតូចៗនៅទីនេះ ត្រូវខិតខំរៀនសូត្រ ឲ្យមានចំណដឹងខ្ពង់ខ្ពស់ និងអាចប្រកបរបររកស៊ីបាន នៅថ្ងៃអនាគត។ លោកស្រី បានបន្ថែមថា ចំំណេះដឹងពិតជាមានសារសំខាន់ណាស់ សម្រាប់ប្អូនៗ បើប្អូនៗខំរៀនសូត្រ នោះ អនាគត នឹងភ្លឺស្វាង ហើយក៏មិនរងទុក្ខលំបាកទៀតឡើយ។ លោកស្រី បន្តថា ភាពជោគជ័យរបស់លោកស្រីនាពេលនេះ គឺកើតចេញពីការរៀនសូត្រ និងការប្រឹងប្រែងធ្វើការ ទាំងនឿយ ទាំងហត់ ទើបបានឈានមកដល់ពេលបច្ចុប្បន្ននេះ។
បើតាមការបញ្ជាក់របស់ អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី ការចុះធ្វើសកម្មភាពសប្បុរធម៌នេះ គឺកើតចេញពីការអាណិតអាសូរ និងការចែករំលែក ទៅដល់កុមារតូចៗ ដែលជាទំពាងស្នងឬស្សីរបស់ប្រទេសជាតិ។ ដោយសារមានប្រវត្តិកើតចញពីគ្រួសារក្រីក្រ និងលំបាកតោកយាក កាលពីអតីតកាលលោកស្រី ទ្រី ដាណា បានរៀបរាប់ឲ្យដឹងថា «កុមារៗនៅទីនេះ ខ្វះខាតថវិកា សម្ភារសិក្សា និងសម្ភារប្រើប្រាស់សម្រាប់រស់នៅ ប្រចាំថ្ងៃមួយចំនួនទៀត សូម្បីតែស្បែកជើងក៏គ្មានដែរ។ ទុក្ខលំបាករបស់កុមារតូចៗនេះហើយ បានជំរុញឲ្យខ្ញុំ កើតចេញការចែករំលែក និងជួយឧបត្ថម្ភដល់កុមារទាំងនោះ នូវសម្ភារសិក្សា និងថវិកាមួយចំនួន»។
លោកស្រីបានបន្ថែមថា ថវិកា និងសម្ភារមួយចំនួន គឺកើតចេញពីទឹកចិត្តរបស់ក្រុមហ៊ុន ហើយមួយចំនួនទៀតក៏ជាការចូលរួមពីតំណាងចែកចាយ និងតំណាងដេប៉ូទាំង២៥រាជធានី-ខេត្ត។
ក្រោយទទួលបានការចែកជាសម្ភារសិក្សា និងថវិកាមួយចំនួនពីក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី នាយកសាលាបឋមសិក្សា ភ្នំពិត និងជាតំណាងឲ្យអាណាព្យបាលរបស់កុមារទាំងជិត៤០០នាក់ បានថ្លែងអំណរគុណលោកស្រី ទ្រី ដាណា និង លោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងតំណាងដេប៉ូ និងតំណាងចែកចាយគ្រឿងសំអាងម៉ាក N.N.P ទាំងអស់ ដែលបានលះបង់ពេលវេលា ជាពិសេស គឺបានចែករំលែកនូវថវិកា ចុះជួយដល់កុមារនៅសាលានេះ។ សាលារៀនដែលបានបង្កើតឡើងនៅទីដាច់ស្រយោល ដើម្បីផ្តល់ចំណេះដឹង ទៅដល់កុមារក្រីក្រភាគច្រើន ឲ្យទទួលបានការសិក្សា និងការអប់រំ។
ទន្ទឹមនឹងភាពជោគជ័យរបស់ភរិយា លោក ហ៊ីង បញ្ញារិទ្ធ ដែលជាស្វាមី គឺតែងលើកទឹកចិត្ត និងជាទីប្រឹក្សាដ៏ល្អម្នាក់របស់ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី។ លោក ហ៊ីង បញ្ញារិទ្ធ ក៏មានទស្សនវិស័យ មិនខុសពីលោកស្រី ទ្រី ដាណានោះទេ លោកគិតថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាការចែករំលែកទឹកចិត្តមួយ ជូនទៅដល់កុមារដែលខ្វះខាត ខណៈដែលពួកគាត់ត្រូវការជំនួយ ដើម្បីបន្តការសិក្សាទៅមុខ ជាមួយនឹងការរស់នៅ និងការសិក្សាពេញបរិបូរណ៍។
ជាមួយគ្នានោះ លោក ហ៊ីង បញ្ញារិទ្ធ ក៏បានអំពាវនាវឲ្យសប្បុរជនដទៃទៀត ចូលរួមចែករំលែកក្តីស្រឡាញ់ និងទឹកចិត្តបន្តិចបន្តួច តាមរយៈសកម្មភាពមនុស្សធម៌នានាជាពិសេស គឺនៅតាមកន្លែងដែលខ្វះជំនួយពិតប្រាកដ ដើម្បីឲ្យពួកគាត់មានលទ្ធភាពអភិវឌ្ឍន៍ជីវិតរស់នៅ និងការសិក្សាទៅមុខបន្ថែមទៀត។
សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាការចែកជូននូវសម្ភារសិក្សា ថវិកា និងសម្ភារប្រើប្រាស់ជាច្រើនរួមមាន សៀវភៅ ប៊ិច កាតាប ស្បែកជើង សំលៀកបំពាក់ និងនំចំណី ព្រមទាំងថវិកាមួយចំនួនដើម្បីជួសជុលសាលារៀនផងដែរ។
លោកស្រី ទ្រី ដាណា ជាទូទៅបានផ្តល់ឱកាស និងផ្តល់ពីបទពិសោធន៍ល្អៗ ដល់ក្រុមតំណាងចែកចាយ និងតំណាងដេប៉ូ ឲ្យចេះធ្វើអាជីវកម្ម ឲ្យជោគជ័យប្រែក្លាយពួកគាត់ជាស្រ្តីមេផ្ទះ មកក្លាយជា សហគ្រិនវ័យក្មេង ដែលទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។ ក្រៅពីការជួយដល់ស្រ្តីកម្ពុជាហើយនោះ លោកស្រី ក៏តែងតែចុះធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត នៅតាមទីជនបទនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា រាល់អតិថិជន ដែលមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩ ៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុនផ្ទាល់មានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕