(ភ្នំពេញ)៖ អង្គការសម័្ពន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំកម្មវិធីបោះជំរំអន្តរជាតិ ប្រចាំឆ្នាំ២០១៩ ក្រោមប្រធានបទស្តីពី «ការអប់រំចិត្តយុវជន ឱ្យមានភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងគុណធម៌» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ពីម៉ោង៧:៣០ ដល់ម៉ោង ១៧:៣០នាទី ដោយមានសិស្ស-និស្សិតចូលរួមជិត ២៧០០នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធីចំនួនជាង ១៥០០នាក់ចូលរួមផងដែរ។
ក្នុងកម្មវិធីបោះជំរំអន្តរជាតិនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ រួមមាន៖ លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជន អន្តរជាតិ, លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ៥ចំណុចសំខាន់ៗដូចជា៖
*ទី១៖ ត្រូវគោរពច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ (គំនូស ស្លាក ភ្លើង និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍)
*ទី២៖ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ
*ទី៣៖ មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬ គ្រឿងញៀន
*ទី៤៖ ត្រូវបន្ថយលឿន និងគោរពសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ
*ទី៥៖ ត្រូវមានសុជីវធម៌ក្នុងការបើកបរ ដោយចេះយោគយល់ និងអធ្យាស្រ័យគ្នា។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ក៏បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវពាក្យស្លោក «ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» និងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា គោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះថា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ ថែមទាំងធ្វើចំនួនកុមារកំព្រានៅកម្ពុជា កើនឡើងពីមួយថ្ងៃទៅមួយផងដែរ៕