(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំខែមីនា លើកទិសដៅខែមេសា ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តកែវ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុក្ខដាក់ ការងារព្រហ្មទណ្ឌ គ្រឿងញៀន អប់រំមន្រ្តីប៉ុស្តិ៍ ដែលមានការខ្វះខាត និងខិតខំអនុវត្តការងារតាមជំនាញមួយៗ ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់។ លោកស្នងការ ក៏បានណែនាំកម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍នានា ដែលឡើងក្នុងមូលដ្ឋានឲ្យបាន ហើយបើមានស្ថានភាពអ្វីកើតឡើងត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។
ជាមួយគ្នានេះ លោកបានដាក់បទបញ្ជាឲ្យមន្ដ្រីក្រោមឱវាទ ត្រៀមចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម និងរមណីយដ្ឋានមួយចំនួន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខនេះ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិន ឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ។
លើសពីនេះ លោកស្នងការក៏បានណែនាំដល់កងកម្លាំង ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ឬបង្កសម្លេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ហេតុការណ៍អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។
នៅនៅព្រឹកថ្ងៃដដែល បន្ទាប់ពីបានរៀបចំកិច្ចប្រជុំចប់ លោកឧត្តមសេនីយ៍សុ្នងការ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ក៏ដូចជាណែនាំពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ព្រមទាំង ផ្តល់អាវចំណាំងពន្លឺចំនួន៤៤០ និងដំបងពិលចំនួន៩០ ជូនដល់កម្លាំងនគរបាលខេត្តផងដែរ៕