(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាង៣០០នាក់ រស់នៅក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស បាននាំគ្នាផ្ដិតមេដៃ និងធ្វើដំណើរមកកាន់ការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការតវ៉ា ដោយស្នើសុំឲ្យអភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ពិនិត្យឡើងវិញ ករណីបក្ខពួកក្រុមជនទំនើងដែលបង្កជម្លោះ ប្រកាប់ចាក់គ្នា ដោយខ្លួនឯង នៅក្នុងកម្មវិធីបុណ្យ រួចហើយចោទថា ប៉ូលវាយ និងស្វាយកាំភ្លើង AK។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងខាងលើ បានសម្ដែងនូវការហួសចិត្ត ខណៈឃើញករណីជនទំនើង រស់នៅភូមិទ័ពតាឡាត់ បង្កជម្លោះជាមួយក្មេងមកពីភូមិ ផ្សេងទៀតអុកឡុក នៅក្នុងកម្មវិធីបុណ្យ ហើយប្រើហិង្សាវាយប្រកាប់ចាក់គ្នាគូបដិបក្ខ ធ្វើឲ្យរងរបួសដោយខ្លួនឯង បែជាមកចោទប្រកាន់ថា លោក ជៀម វិចិត្ត មេប៉ុស្តិ៍ឃុំជៀប វាយនិងកាំភ្លើងAK ទៅវិញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ដើមបុណ្យ ប្រជាការពារ ក្នុងនោះលោកមេប៉ុស្តិ៍ផ្ទាល់ សូមធ្វើការបដិសេធទាំងស្រុង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកពេញ យល់ឃើញ ករណីចោទប្រកាន់មកលើប៉ូលីស គឺជារឿងអយុត្តិធម៌បំផុត ដែលមិនអាចទទួលយកបានឡើយ។ ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានឃើញហេតុផ្ទាល់ភ្នែក បានអះអាងថា លោកមេប៉ុស្តិ៍ឃុំជៀប មិនបានប្រព្រឹតដូចការចោទប្រកាន់នោះទេ។

លោកស្រី ក្ដាន់ ហ៊ុន ជាម្ចាស់ដើមបុណ្យ បានលើកឡើងថា លោកស្រីស្អប់ប៉ូលីសជាទីបំផុត! បើរូបគាត់ខុស ក៏ត្រូវប៉ូលីសចាប់រូបគាត់ដែរ ប៉ុន្តែរឿងនេះអយុត្តិធម៌សម្រាប់ប៉ូលីសពេកហើយ! សូមឲ្យថ្នាក់លើមេត្តាពិចារណា និងស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់ យើងខ្ញុំជាម្ចាស់ដើមបុណ្យ បើកថ្នាក់លើយកមនុស្សល្អទៅដាក់ទោសមែននោះ ក្នុងនាមអ្នកស្រី ជាម្ចាស់ដើមបុណ្យ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះមិនសុខចិត្តទេ។

ដោយឡែក ឈ្មោះ ស៊ិន វុទ្ធី អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ាត រ៉េន អាយុ២៩ឆ្នាំ មានកូន៣នាក់ នៅក្នុងបន្ទុក មានមុខរបរជាអ្នកបើកឡាន រស់នៅក្នុងភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បាននិយាយថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ នៅចំណុចភូមិគោកពេញ មុនពេលកើតហេតុ គាត់បានទៅដើ រលេងបុណ្យក្នុងភូមិ ស្រាប់តែមានក្មេងស្ទាវមួយក្រុម ដៃកាន់ដំបង បានព័ទ្ធគាត់ ដោយឃើញសភាពមិនស្រួល គាត់ក៏ស្ទុះទៅយកដំបងមកកាន់ ស្រាប់តែលោកមេប៉ុស្តិ៍ឈ្មោះ ជៀម វិចិត្រ បានយកកាំភ្លើង AK មកវាយចំពីមុខបណ្តាលឲ្យដួលដល់ដី ហើយក៏ត្រូវក្រុមក្មេងស្ទាវ ដែលក្នុងនោះក៏មានកូនរបស់មេប៉ុស្តិ៍ម្នាក់ផងដែរ បានកាប់ចំក្បាល២កន្លែងផងដែរ។

ចំពោះលោក ជៀម វិចិត្ត ដែលជាមេប៉ុស្តិ៍នោះអះអាងថា ពេលមានកម្មវិធីបុណ្យ លោកតែងតែបានទៅការពារសុវត្ថិភាព រក្សាសន្តិសុខសណ្ដាប់ធ្នាប់ រាប់មិនអស់ ហើយពេលនេះ មិនខុសពីពេលមុនៗដែរ រីឯថារូបលោក បានប្រើអំពើហិង្សាវាយទៅលើបុគ្គឈ្មោះ ស៊ិន វុទ្ធី នោះជារឿងមិនពិតឡើយ។

ពាក់ព័ន្ធករណីខាងលើ លោក អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ចំពោះការចោទប្រកាន់ខាងលើនេះ ក្រោយពីបានអង្កេត និងស្រាវជ្រាវនោះ សមត្ថកិច្ចរកមិនឃើញ ភ័ស្ភតាង ឬបទល្មើសណាមួយដែល អាចចោទប្រកាន់ចំពោះលោក ជៀម វិចិត្ត មេប៉ុស្តិ៍ឃុំជៀប ដូចការចោទប្រកាន់នោះទេ។

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងថា ចំពោះលោក ជៀម វិចិត្ត, លោកបានហៅមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ត ប្រសិនបើរកឃើញថា ពិតជាបានប្រព្រឹតនោះ លោកនឹងចាត់វិធានការច្បាប់មិនឱ្យរួចខ្លួនឡើយ។

បើទោះយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុសជាង៣០០នាក់ បានសម្ដែងនូវការហួសចិត្ត ហើយអំពាវនាវដោយស្នើសុំឲ្យថ្នាក់លើជាពិសេសនោះ លោកឧត្ដមសេនីយ៍ទោ ខូវ លី សូមលោកពិចារ្យណាឡើងវិញ ហើយកំយកមនុស្សល្អ ដែលគ្មានកំហុសយកទៅដាក់ទោស ដោយសារតែការចោទប្រកាន់ គ្មានមូលដ្ឋានច្បាស់លាស់ ឬជារឿងអ្វីមួយនោះ ពិតជាអយុត្តិធម៌ពេកហើយ៕