(ព្រះវិហារ)៖ បុរសម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួនឯង ចោលប្រពន្ធកូន មូលហេតុដោយសារតូចចិត្ត ខឹងប្រពន្ធសុំលុយ ដើម្បីទៅសងថ្លៃស្រាគេមិនបាន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖២២នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុកវៀង បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុជនរងគ្រោះ ជាប្តីបានត្រឡប់មកពីផឹកស្រា លុះមកដល់ផ្ទះ ក៏សុំលុយប្រពន្ធ ដើម្បីយកទៅសងថ្លៃស្រាគេ តែប្រពន្ធក៏មិនបានឆ្លើយតប ធ្វើឲ្យបុរសជាប្តី តូចចិត្តរត់ទៅចងក ក្រោមដើមស្វាយក្រោយផ្ទះស្លាប់បាត់បង់ជីវិត។
លោកបន្តថា កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ជនរងគ្រោះជាប្តី ក៏បានយកឡាមរត់ទៅអាករខ្លួនឯង ក្រោយផ្ទះម្តងហើយ តែត្រូវបានកូនទៅជួយឃាត់ទាន់។
លោក សាយ ដេត បានឲ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះ មឿង អុល ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ។ លោកថា សាកសពពិតជាស្លាប់ ដោយចងកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕