(ស្វាយរៀង)៖ ថ្លែងទៅកាន់ប្រជាការពារភូមិក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ប្រមាណជាង១០០នាក់ លោក មាស ប៊ុនឡី ប្រធានក្រុមការងារ ចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ បានជំរុញដល់អាជ្ញាធរឃុំ ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ ឲ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ប្រភេទ។
ការថ្លែងបែបនេះ ខណៈដែលលោកអញ្ជើញចូលជាអធិបតី នាំយកឯកសណ្ឋានប្រជាការពារភូមិ ជាអំណោយរបស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារ ចុះជួយស្រុកស្វាយជ្រំ ទៅចែកជូនបងប្អូនប្រជាការពារ ចំនួន៥៥កំផ្លេរ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិ៍រាជ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។
លោក មាស ប៊ុនឡី ពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយជ្រំ ជូនដល់ក្រុមប្រឹក្សាឃុំ និងបងប្អូនក្រុមប្រជាការពារភូមិផងដែរ។
លោក មាស ប៊ុនឡី បានថ្លែងទៀតថា ដោយអនុវត្តន៍តាមផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេចក្តីណែនាំស្តីពី ការចាត់តាំងចលនាការពារសន្តិសុខ មាតុភូមិរបស់ ក្រសួងមហាផ្ទៃ រដ្ឋបាលឃុំ ដែលជាក្បាលម៉ាស៊ីន គណៈបញ្ជាការឯកភាពឃុំ មានប៉ុស្តិ៍រដ្ឋបាលជាសេនាធិការ ព្រមទាំងមានការយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាភូមិ ឃុំ គួបផ្សំស្មារតី និងឆន្ទៈភ្ញាក់រលឹកចូលរួម របស់ប្រជាពលរដ្ឋ យើងបានរៀបចំចងក្រងបានក្រុមប្រជាការពារ នៅគ្រប់ភូមិទូទាំងឃុំ ប្រជាការពារបានចំនួន៥៥នាក់ នៅក្នុងឃុំពោធិ៍រាជ។
លោក មាស ប៊ុនឡី បានបញ្ជាក់ថា សន្តិភាពរកបានមកដោយលំបាកក្រោម ការតស៊ូប្តូផ្តាច់យកជីវិត ទៅប្តូរយកសន្តិភាពពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកប្រទេសដ៏ឈ្លៀសវៃ បានប្រែក្លាយប្រទេសជាតិ តាំងបាតដៃទទេរនាំមកការរីកចម្រើន លើគ្រប់វិស័យទាំងនៅកំរិតជាតិ និងលើឆាកអន្តរជាតិ។
ប្រធានក្រុមការងាររូបនេះ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ឃុំ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ព្រោះនៅរដូវប្រាំងនេះ ប្រទេសកម្ពុជា ទទួលរងដោយប្រយោលពីឥទ្ធពលបាតុភូត អ៊ែលនីណូ បង្កឲ្យធាតុអាកាសក្តៅ ហួតហែង សីតុណ្ហភាពអាចឡើងដល់៤០ទៅ៤២អង្សាសេ មានភ្លៀងកក់ខែតិច មានបាតុភូត ផ្គរន្ទះនិងខ្យល់កន្ត្រាក់កើតឡើង ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បញ្ចៀសការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
លោក ក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យទទួលបានជោគជ័យ ដោយមូលដ្ឋានមិនត្រូវអោយមានបងតូចបងធំ ចោលួចចោប្លន់ គ្រឿងញៀនជួញដូរមនុស្សខុសច្បាប់ជាដាច់ខាត និងត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សជូនពលរដ្ឋនៅមូលដ្ឋាន និងដោះស្រាយទុកលំបាក ជូនពួកគាត់ឲ្យមានតម្លាភាព។
លោក មាស ប៊ុនឡី បានឧបត្ថម្ភដល់ប្រជាការពារភូមិ នូវឯកសណ្ឋានមួយកំផ្លេរ និងថវិកា១ម៉ឺន និងក្រុមប្រឹក្សាឃុំ មេភូមិ ទាំង១១ភូមិ និងនគរបាលឃុំម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល៕