(ភ្នំពេញ)៖ ទោះបីជាក្នុងឆ្នាំ២០១៨ កម្មវិធីកំចាត់រោគរបេងនៅកម្ពុជា សម្រេចបានសមិទ្ធិផលសំខាន់ៗថ្មីបន្ថែមទៀត ពិសេសការបន្ដរក្សានូវអត្រាព្យាបាលជោគជ័យ លើសពី៩០% និងបានស្រាវជ្រាវរកឃើញរបេងគ្រប់សណ្ឋានជាង២ម៉ឺនករណីក៏ដោយ ក៏ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធជាតិ-អន្ដរជាតិ បន្ដលើកទិសដៅបន្ថែមទៀត ដើម្បីសម្រេចទិសដៅ ស្របនឹងយុទ្ធសាស្ដ្រអន្ដរជាតិថ្មីដែលមានឈ្មោះថា «យុទ្ធសាស្ដ្របញ្ចប់ជំងឺរបេង ២០១៦-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ២០១៩-២០៣០។

នេះបើតាមការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក្នុងឱកាសបិតសន្និបាតកំចាត់រោគបេង ទូទាំងប្រទេសលើកទី២៤ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងថា នៅក្នុងយុទ្ធសាស្រ្ដ ក៏ដូចជានៅក្នុងគោលដៅ មានមហិច្ឆិតាធំជាងមុន និងមានទស្សនៈវិស័យរួម គឺពិភពលោកមួយ ដែលគ្មានជំងឺរបេងគ្មានការស្លាប់គ្មានការឈឺ និងគ្មានការរងទុក្ខ។ គោលដៅចំបងនៅឆ្នាំ២០៣០ គឺកាត់បន្ថយអត្រាស្លាប់បាន៩០% និងកាត់បន្ថយអត្រាអាំងស៊ីដង់បាន ៨០%។ «ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងពង្រឹង និងពង្រីកចំណេះ ជំនាញបន្ថែមទៀត ដើម្បីរួមគ្នាធ្វើយ៉ាងណា ស្វែងរកអ្នកជំងឺរបេងមកទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ឱ្យបានគ្រប់ៗគ្នា»

ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្ដបន្ថែមទៀត ជាមួយនឹងការផ្ដល់នូវអនុសាសន៍ចំនួន៥ចំនុចផងដែររួមមាន៖

*ពង្រឹងថែមទៀត កិច្ចសហប្រតិបត្ដិការ ជាមួយដៃគូគ្រប់លំដាប់ថ្នាក់ និងជំរុញថែមទៀត ការកៀងគរធនធាន ដើម្បីសម្រេចទិសដៅរបស់កម្មវិធីជាតិ សម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្ដសំដៅស្រាវជ្រាវអ្នកជំងឺរបេង គ្រប់សណ្ឋាន ឱ្យបានគ្រប់ផែនការ និងសូមបន្ដរក្សាឱ្យបាន អត្រាព្យាបាលជោគជ័យ លើស៩០%

* ជំរុញការផ្ដល់សេវាស្រាវជ្រាវ និងព្យាបាលជំងឺរបេង ដល់ក្រុមហានិភ័យខ្ពស់ មានជាអាទិ៍ ការងាររបេង-អេដស៍ របេងពន្ធនាគារ របេងកុមារ របេងក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម និងរបេងលើមនុស្សពេញវ័យ

* ត្រូវរៀបចំ ពង្រឹង និងពង្រីកឱ្យបានប្រសើរឡើងថែមទៀត ក្នុងការប្រយុទ្ធនឹងជំងឺរបេង សុំានឹងឱសថ

* ត្រូវរក្សាឱ្យបានដំណើរការ សកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេង ដូតស៍ នៅមណ្ឌលសុខភាព និងពង្រីកថែមទៀត ដូតស៍សហគមន៍ ដែលជាសកម្មភាពថែទាំព្យាបាលជំងឺ នៅជិតផ្ទះ អ្នកជំងឺបំផុត ។

* បន្ដជំរុញការចូលរួមពីស្ថាប័នសុខាភិបាលដទៃទៀត ដូចជា អគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋានសុខាភិបាល នៃក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សេវាថែទាំសុខភាពឯកជន រាប់បញ្ជូលទាំងអង្គការក្រៅរដ្ឋាភិបាល និងសមាគមកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺរបេង។

ទន្ទឹមនឹងនោះ ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ម៉ៅ តាន់អ៊ាង បានថ្លែងថា កម្មវិធីកំចាត់មេរោគរបេង អាចរក្សាបាននូវ អត្រាព្យាបាលជោគជ័យ លើសពី៩០% ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ហើយយើងសម្រេចបានតាមផែនការឆ្នាំ២០១៨ ដែលក្នុងនោះព្យាបាលជោគជ័យបាន៩៣% និងស្រាវជ្រាវជំងឺរបេង សរុប ២៨,៧៥៧ករណី ។បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព រួមទាំងប៉ុស្ដិ៍សុខភាពទាំងអស់ សរុបចំនួនជាង ១៣២៥កន្លែង ទៅទូទាំប្រទេសមានសេវារបេង តាមយុទ្ធសាស្រ្ដ «ដូតស៍»។

លោកបញ្ជាក់បន្ថែមថា «យើងបានពង្រីក ដូតស៍សហគមន៍បានដល់៦៤៤ នៃមណ្ឌលសុខភាព ក្រៅពីដូតស៍ជាមូលដ្ឋាន យើងមានសេវាពិសេសបន្ថែមមួយចំនួនទៀត។ លើសពីនោះ យើងនឹងប្ដេជ្ញាខិតខំប្រឹងប្រែងបន្ដទៀត ទាំងការសហការ ទំនាក់ទំនងល្អ សាមគ្គីភាព អនុវត្ដតាមគ្រប់លទ្ធភាព មធ្យោបាយ និងបទពិសោធន៍ជាក់ស្ដែង ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីអនុវត្ដន៍ការងារឆ្នាំ២០១៩ បានជោគជ័យ ចូលរួមលើកកម្ពស់សុខភាព ក៏ដូចជា រួមចំណែកដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា»

សូមជម្រាបផងដែរថា ក្នុងឱកាសបើកន្និបាតក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង កាលពីថ្ងៃទី២៨មីនា បានថ្លែងថា ជំងឺរបេង មិនមែនជាជំងឺតំណរពូជនោះទេ វាជាជំងឺឆ្លងតាមរយៈការរស់នៅជាមួយគ្នា ហើយជំងឺនេះព្យាបាលប្រើរយៈពេលយូររហូតដល់ទៅ៦ខែទើបជាដាច់ ដូច្នេះបើប្រជាពលរដ្ឋយើង ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យឯកជន នឹងចំណាយអស់លុយច្រើន ហើយមិនមានប្រសិទ្ធភាពថែមទៀត។ ដូចនេះ សូមមន្ទីរពេទ្យឯកជន សហការគ្នាជាមួយមន្ទីរពេទ្យរដ្ឋ ក្នុងការបញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបាន ការថែទាំព្យាបាលជំងឺរបេងនេះដោយឥតគិតថ្លៃ៕