(សៀមរាប)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថ ដែលទទួលបានការអនុញ្ញាត ឱ្យចរាចរណ៍នៅកម្ពុជា គឺជាការងារចម្បង និងមានសារៈសំខាន់ចាំបាច់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះរបស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ចូលរួមបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការត្រួតពិនិត្យគុណភាពឱសថលើទីផ្សារ» ដល់មន្ត្រី សុខាភិបាល មកពីនាយកដ្ឋានឱសថ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ ឃ្លាំងឱសថកណ្តាល និងមន្រ្ដីភ្នាក់ងារត្រួតពិនិត្យឱសថ មកពីមន្ទីរសុខាភិបាលរាជធានី ខេត្តចំនួន១២។
សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និង USP (Global Public Health Asia) ដែលប្រារព្ធទៅ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នាខេត្ដសៀមរាប ។
ក្នុងឱកាសនោះលោកស្រី បានថ្លែងបន្ដថា «សម្រាប់ប្រសិទ្ធិភាពរបស់ឱសថ ឬគុណភាពឱសថ គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ទៅនឹងគុណភាពនៃការព្យាបាល បើឱសថមិនមានគុណភាព ត្រឹមត្រូវ តាមបទដ្ឋាទបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាល មិនអាចទទួលបានជោគជ័យឡើយ ទោះបីជា គ្រូពេទ្យនោះមានជំនាញ និងពូកែយ៉ាងណាក៏ដោយ។ ហើយបើឱសថអន់គុណភាព នោះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ»។
ជាងនេះទៅទៀត លោកស្រីបន្ដថា ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពគ្រប់គ្រង និងតាមដានគុណភាពឱសថក្នុងប្រទេសកម្ពុជា ជាក់ស្តែង ចំពោះឱសថដែលបានអនុញ្ញាតឲ្យដាក់លក់ ឬចរាចរណ៍ លើទីផ្សាហើយនោះ ក្រសួងសុខាភិបាលបានចាត់ឲ្យភ្នាក់ងារត្រួតពិនិត្យឱសថ ចុះត្រួតពិនិត្យជាប្រចាំ និងទិញឱសថពីទីផ្សារ ដើម្បីយកមកវិភាគគុណភាពឡើងវិញ ហើយបានចាត់វិធានការចំពោះឱសថណា ដែលមានគុណភាពមិនត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។
លោកស្រីបន្ដថា សិក្ខាសាលានេះ បានផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍ សម្រាប់កំណត់មុខឱសថ និងទីតាំងដែលត្រូវធ្វើការស្រង់ឱសថដោយផ្អែកលើហានិភ័យ។ បើយើងអនុវត្តតាមឧបករណ៍នេះ យើងនឹងជ្រើសរើសបាន មុខឱសថ និងទីតាំងដែលត្រូវចុះស្រង់បានចំគោលដៅ ដោយប្រើប្រាស់ថវិកាតិច និងចំណេញពេលវេលា។ សិក្ខាសាលានេះ ក៏បានកែលម្អផងដែរ នូវពិធីសារសម្រាប់ការតាមដានគុណភាពឱសថ ឲ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងប្រទេសបច្ចុប្បន្ន។
ក្នុងឱកាសនោះ តំណាងអង្គការ USP លោកបណ្ឌិត Souly Phanouvong បានលើកឡើងថា ទោះបីជាមានការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពឱសថយ៉ាងណាក៏ដោយ ឱសថអន់គុណភាព នៅតែមាននៅលើទីផ្សារ និងជាកង្វល់សុខភាពជាសកល ដែលតែងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កឱ្យមានភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ។
សិក្ខាសាលាស្តីពីការត្រួតពិនិត្យឱសថនៅលើទីផ្សារ ដោយយោងទៅតាមហានិភ័យ បានចូលរួមចំណែកដល់ការពារ ការរកឲ្យឃើញ និងការចាត់វិធានការឱ្យបានឆាប់ ចំពោះឱសថក្លែងក្លាយ និងអន់គុណភាព ដែលសិក្ខាសាលានៅកម្ពុជានាពេលនេះ ជាគំរូ សម្រាប់ប្រទេសក្នុងតំបន់។
ទន្ទឹមនោះ តំណាងអង្គការសុខភាពពិភពលោក អញ្ជើញមកពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Diana Aram Lee បានបញ្ជាក់បន្ថែមថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព មិនមែនជាបញ្ហា ដែលមាននៅតែប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហា ដែលកើតមានឡើងជាសកល ដែលយើងត្រូវតែរួមគ្នាដោះស្រាយ។ អង្គការសុខភាពពិភពលោក មានការប្តេជ្ញាចិត្ត ក្នុងការពង្រឹងសមត្ថភាព មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ រួមបញ្ចូលទាំងការគាំទ្រ លើសកម្មភាពត្រួតពិនិត្យឱសថ នៅលើទីផ្សារផងដែរ។
ព្រមជាមួយគ្នានោះ ដើម្បីធានាឲ្យបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថ លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា ការងារត្រួតពិនិត្យគុណភាពឱសថនេះ តំរូវឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធ ដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះ ពិសេសមន្ដ្រីទាំងអស់ត្រូវអនុវត្ដន៍ខ្ជាប់ខ្ជួនដូចជា៖
*នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្ទីរសុខាភិបាលរាជធានី/ខេត្ត ត្រូវធ្វើការចុះត្រួតពិនិត្យឲ្យបានទៀងទាត់ជាប់ជាប្រចាំ ដល់ គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានលក់ឱសថ ទៅតាមភារកិច្ច នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។
*ត្រូវត្រួតពិនិត្យ គុណភាពឱសថលើទីផ្សារ ត្រូវធ្វើការកំណត់មុខឱសថ និងទីតាំង ស្រង់ឱសថ ដោយផ្អែកតាមចំណាត់ថ្នាក់ហានិភ័យ។
*មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ត្រូវបន្តពង្រឹងសមត្ថភាព ក្នុងការត្រួតពិនិត្យគុណភាពឱសថ រួមទាំងឱសថបុរាណ ឱសថបំប៉នសុខភាព និងគ្រឿងសំអាងផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជៀសវាងការប្រើប្រាស់ឱសថ តាមគ្នាដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងឱសថដែលលក់តាមបណ្តាញសង្គម និងគេហទំព័រ ព្រោះឱសថទាំងនេះ ពុំមានសុវត្ថិភាពឡើយ ប៉ុន្តែវាធ្វើឲ្យបងប្អូនខាតបង់ថវិកា ពន្យាពេលវេលានៃការព្យាបាល និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ជីវិតថែមទៀតផង ៕