(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានចេញប្រកាសសាលក្រមពេញលេញជាលាយលក្ខណ៍អក្សររបស់ខ្លួន នៅក្នុងសំណុំរឿង ០០២/០២ ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩។

សាលក្រមនៃសំណុំរឿង ០០២/០២ នេះ គឺជាសាលក្រមវែងជាងគេបំផុត ដែល អ.វ.ត.ក. បានចេញរហូតដល់ពេលនេះ ដោយសាលក្រមនេះមានទំហំរួមទាំងឧបសម្ព័ន្ធជាភាសាខ្មែរចំនួន ៤១០១ ទំព័រ ជាភាសាអង់គ្លេសចំនួន ២៣៨៧ ទំព័រ និងជាភាសាបារាំងចំនួន ២៨២៨ ទំព័រ។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់សាលាក្តីខ្មែរក្រហម ក្នុងការស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះនៃរបបខ្មែរក្រហម។

លោកថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយអញ្ជើញ អង្គការសហប្រជាជាតិចូលរួមដើម្បីជំនុំ ជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ និងថ្ងៃទី៦ ខែមករា ១៩៧៩»

លោក ក្រាញ់ តូនី បានបន្តថា សមិទ្ធផលថ្មីនេះបានបន្ថែមលើសមិទ្ធផលជាច្រើន ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងរយៈពេល ១២ ឆ្នាំមកនេះទាំងក្នុងផ្នែកយុត្តាធិការ និងក្រៅផ្នែកយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែល ដែលត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចងចាំ ក៏ដូចជា ការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន តុលាការ និងប្រព័ន្ធយុត្តិធម៌។

លោក ក្រាញ់ តូនី បានលើកឡើងថា សមិទ្ធផលទាំងនេះអាចកើតមានឡើងបានគឺដោយមានការគាំទ្រពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបន្តវេនាក្នុងការងារនេះហើយ ក្នុងនោះយើងខ្ញុំក៏បានចងចាំជានិច្ចនូវការចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់របស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការកសាងច្បាប់ ក៏ដូចជាការចរចាកិច្ចព្រមព្រៀង ដើម្បីបង្កើតឡើងនូវអ.វ.ត.ក ដែលជាតុលាការមានអាណត្តិជាប្រវត្តិសាស្រ្ត។

គោលបំណង នៃការជំនុំជម្រះក្តីនេះ គឺដើម្បីស្វែងរកយុត្តិធម៌ ការពិត និងការចងចាំក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ដែលជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការគោរព និងការចងចាំដល់ជនរងគ្រោះទាំងអស់ ដើម្បីជួយពង្រឹងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា និងដើម្បីធានាកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា ឬនៅទីណាៗទាំងអស់ នៅក្នុងពិភពលោកនេះ។

លោក ក្រាញ់ តូនី បានបញ្ជាក់ទៀតថា រហូតដល់តុលាការខ្មែរក្រម បានសម្រេចបានលទ្ធផលជាច្រើន ក្នុងការនាំយកនូវយុត្តិធម៌ជូន ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះដែលនៅរស់រានមានជីវិតនៅឡើយ ព្រមទាំងស្វែងរកនូវការពិត ជូនមនុស្សជាតិទាំងមូល ពង្រឹងនីតិរដ្ឋ លុបបំបាត់និរទណ្ឌភាព ការផ្សះផ្សារជាតិ ផ្សះផ្សារផ្លូវចិត្តជនរងគ្រោះ និងកសាងសមត្ថភាពមន្ត្រីបុគ្គលិក ព្រមទាំងផ្តល់កេរតំណែលជាច្រើនទៀសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសេចក្តីសង្ខេបនៃសំអាងហេតុ និងផ្នែកសម្រេចសេចក្តីរបស់ខ្លួននៅក្នុងសំណុំរឿង ០០២/០២ ជាសាធារណៈ នៅសាលសវនាការធំរបស់ អ.វ.ត.ក. ហើយបាន សម្រេចផ្តន្ទាទោសជនជាប់ចោទទាំងពីរនាក់ដាក់ពន្ធនាគារអស់មួយជីវិត។

សវនាការដេញដោល ពិនិត្យភ័ស្តុតាង នៅក្នុងការជំនុំជម្រះក្តីសំណុំរឿងនេះបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ហើយបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ នៅក្នុងអំឡុងពេលជំនុំជម្រះក្តីនេះ អង្គជំនុំជម្រះបានស្តាប់សក្ខីកម្មបុគ្គលចំនួន ១៨៥ នាក់ រួមមាន សាក្សី ១១៤ នាក់ ដើមបណ្តឹងរដ្ឋប្បវេណី ៦៣ នាក់ និងអ្នកជំនាញ ៨ នាក់។ មូលដ្ឋានភ័ស្តុតាងនៅក្នុងសំណុំរឿង ០០២/០២ រួមមានឯកសារជាង ១០.៨០០ ឯកសារ សម្រាប់អង្គជំនុំជម្រះសាលាដំបូងធ្វើការវិភាគនិងពិចារណាសម្រេច៕