(កណ្ដាល)៖ ក្រោយពីផ្ទុះការតវ៉ារបស់អាជីវករផ្សារស្អាងខាងត្បូងទាំងយប់ ខណៈឃើញកម្មករផ្សារយកគ្រឿងចក្រ ទៅជួសជុលដំបូល។ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានថ្លែងនៅក្នុងកិច្ចប្រជុំ គណៈកម្មការផ្សារថា សូមឲ្យអាជីវកររក្សាភាពស្ងប់ស្ងៀម អ្វីដែលអាជីវករផ្សារកំពុងធ្វើនោះ គឺត្រូវប្រកបដដែលមិនមានការរុះរើនោះទេ។
ការផ្ទុះការតវ៉ានេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងបរិវេណផ្សារស្អាងខាងត្បូង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
លោក ប៉ោ សេង ទទួលម៉ៅភាស៊ីផ្សារស្អាងទាំងពីរ បានប្រាប់អ្នកយកព័ត៌មានថា ចំពោះការភ្ញាក់ផ្អើលរបស់អាជីវករផ្សារស្អាង ខាងត្បូងថា ក្រុមកម្មករផ្សារយកគ្រឿងចក្រ ទៅឈូសរុះរើផ្សារទាំងយប់នោះ គឺជារឿងភ័ន្តច្រឡំនោះទេ ដោយសារនៅត្រង់កន្លែងភ្ញាក់ផ្អើលនោះ ដំបូលផ្សារខូចខាត ហើយមិនអាចឡើងជួសជុល បានលោកបានឲ្យយកគ្រឿងចក្រទៅឈរជាន់ ដើម្បីវ៉ៃជួសជុលដំបូលឡើងវិញ។ ប៉ុន្តែក្រោយមានការភ្ញាក់ផ្អើល គឺលោកបានឲ្យកម្មករឈប់ភ្លាម ដើម្បីដោះស្រាយ។
លោក ជឺ គឺមហៃ អភិបាលរងស្រុកស្អាង បានប្រាប់ក្រុមអាជីវករ នៅក្នុងពិធីជួបជុំ នៅសាលប្រជុំសាលាស្រុកស្អាងថា ក្នុងនាមលោកជាប្រធានគណកម្មការផ្សាស្អាង សូមឲ្យអាជីវកររក្សាភាពដដែល បើមិនទាន់មានការជូនដំណឹង ពីគណកម្មការនោះ។
លោកបានបញ្ជាក់ថា កិច្ចសន្យាសាងសង់ផ្សាររបស់ ប៉ោ សេង គឺហួសសុពលភាព ហើយការយឺតយ៉ាវនេះ មិនមែនកំហុសលោក ប៉ោ សេង ទេ ដោយសារផ្សារនេះជាប់រឿងក្តីក្តាំគ្នា ជាមួយប្រជាពលរដ្ឋមួយគ្រួសារ រស់នៅលើដីផ្សារត្រង់កាច់ជ្រុងផ្សារប្តឹង ផ្តល់រហូតដល់តុលាការ មិនទាន់ចប់នៅឡើយ ទើបមិនអាចសាងសង់បាននោះ។
លោកបានបន្ថែមទៀតថា លោកជាប្រធានគណកម្មការផ្សារ លោកបានឡើងតុលាការជាច្រើន លើកមកហើយតែមិនទាន់ចប់ ទើបអូសបន្លាយរហូតដល់ពេលនេះ ម្យ៉ាងវិញទៀត ក្រោយពិនិត្យឃើញកិច្ចសន្យា ហួសសុពលភាពបែបនេះ គណកម្មការផ្សារធ្វើកិច្ចពិភាក្សា និងលើកសំណើរទៅគណៈអភិបាលខេត្ត ដើម្បីធ្វើកិច្ចសន្យាម្តងទៀត រៀបចំឲ្យផ្សារមានសោភណ្ឌភាពល្អ និងសំណូមពរ ដល់អាជីវករចូលរួមទាំងអស់គ្នាផងដែរ។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បាននិយាយថា បច្ចុប្បន្នយើងមានគណៈកម្មការផ្សារត្រឹមត្រូវ ដូច្នេះមុននឹងធ្វើអ្វីៗ គឺត្រូវពិគ្រោះយោបល់ នៅក្នុងគណៈកម្មការសិន ហើយស្ថានភាពកាលពីយប់មិញនេះ ទោះជាយ៉ាងណា យើងគួរតែកុំធ្វើនៅពេលដែលយើងមើលមិនឃើញច្បាស់ លើកលែងតែរឿងបន្ទាន់។
ចំពោះមធ្យោបាយ លោកគិតថា គួរតែកុំប្រើគ្រឿងចក្រ ដើម្បីកុំឲ្យមានការយល់ច្រឡំ គឺត្រូវប្រើមធ្យោបាយធម្មតា ហើយសូមឲ្យមានការចូលរួម ពីបងប្អូនអាជីវករក្បែរនោះផងដែរ។ រឿងដែលកើតឡើង កាលពីយប់មិញនេះ លោកមិនធ្វើការវ៉ែកញ៉ែករកអ្នកនៅពីមុខពីក្រោយអីនោះទេ ព្រោះវាមិនចាំបាច់សម្រាប់លោក លោកសូមតែឲ្យមានការយោគយល់ទាំងអស់គ្នា រួមមាន៖
ទី១៖ មុននឹងយើងធ្វើអ្វីៗ នៅក្នុងតំបន់ផ្សារទាំងពីរនេះ សូមឲ្យស្ថិតនៅក្រោមឆ័ត្រ គណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីកុំឲ្យមានការខ្វែងគំនិតគ្នា។
ទី២៖ សូមរក្សាស្ថានភាពស្ងប់សុខដដែល បើសិនជាមិនមានការណែនាំ ពីថ្នាក់ដឹកនាំខាងលើ ព្រោះតាំងពីមុនបោះឆ្នោត ក្រោយបោះឆ្នោត រហូតមកដល់ពេលនេះ គឺយើងមានភាពស្ងប់ស្ងាត់ល្អណាស់ ជាមួយនឹងការរួមចំណែកពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសគឺបងប្អូនប្រជាពលរដ្ឋ និងអាជីវករតែម្តង។
លោកបន្តថា បច្ចុប្បន្ន លោកកំពុងរៀបចំឲ្យគណៈកម្មការផ្សារព្រៀងលិខិតមួយ សុំយោបល់ដឹកនាំលោកបណ្ឌិតអភិបាលខេត្ត អំពីអ្វីៗដែលទាក់ទង និងការវិនិយោគផ្សារស្អាងខាងត្បូងនេះ ព្រោះសុពលភាព វាបានកន្លងហួសទៅហើយ ហើយមូលហេតុយើង ឃើញជាក់ស្តែងថា វាមានការក្តីក្តាំនៅក្នុងនោះមិនទាន់ចប់ ដូច្នេះកត្តាចាំបាច់ គឺយើងត្រូវសុំយោបល់ថ្នាក់ដឹកនាំថា ត្រូវធ្វើអ្វីបន្តទៀត៕