(ភ្នំពេញ)៖ លំនៅដ្ឋានឯកជនបែបស៊ីវីល័យ ដែលមានកម្ពស់២៥ជាន់ ឈ្មោះ ឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ (The Peninsula Private Residences) ស្ថិតនៅត្រើយខាងកើតស្ពានជ្រោយចង្វារ ក្បែររង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចាប់ផ្តើមសម្ពោធលក់គម្រោងរបស់ខ្លួនជាផ្លូវការ កាលពីម្សិលមិញ ។

គម្រោងឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ បានបង្កើតឡើងរវាងដៃគូពាណិជ្ជករខ្មែរ ឧកញ៉ាបណ្ឌិត ជា រតនា និង ដៃគូរពាណិជ្ជករបរទេស ក្រុមហ៊ុន ណេសិណល ៦អេ (National 6A) មកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Saturn Investment Co., Ltd មកពីប្រទេសចិនផងដែរ។

លោក កាំ ជីនសេង ជានាយកគ្រប់គ្រងក្រុមហ៊ុន ណេសិណល ៦អេ (National 6A) បានថ្លែងថា ទីផ្សារអចលនទ្រព្យ ជាប្រធានបទវិនិយោគដ៏ទាក់ទាញចំណាប់អារម្មណ៍មួយនៅទូទាំងពិភពលោក ហើយវិស័យនេះកាន់តែមានភាពលេចធ្លោរនៅប្រទេសកម្ពុជាផងដែរ។

លោកបានបន្ថែមទៀតថា ខុនដូរ ឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ បានបំពាក់ទៅដោយគ្រឿងសង្ហារឹម ដែលមានគុណភាពកម្រិតស្ដង់ដារអន្តរជាតិ រួចជាស្រេចចំនួន១៥៥ផ្ទះ និងមានទីតាំងសម្រាប់ការធ្វើពាណិជ្ជកម្ម ចំនួន៣ ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារ ហើយគម្រោងនេះធ្វើឡើនៅលើផ្ទៃដីប្រមាណជា ១,៦៨៦ ម៉ែត្រការ៉េ គម្រោងនេះរំពឹងថា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែលថា គម្រោងខុនដូរ ឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ នឹងផ្តល់ជូននូវបរិក្ខារ ជាច្រើនរួមជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ច ដើម្បីធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ម្ចាស់លំនៅដ្ឋាននីមួយៗមានភាពងាយស្រួល និង ផាសុកភាព៕