(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបំភ្លឺជូនសាធារណជន ជុំវិញករណីកងរាជអាវុធហត្ថ ក្រោយការឯកភាពពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដុតបំផ្លាញចោលនូវសម្លៀកបំពាក់កីឡាក្លែងក្លាយ ដែលបង្ក្រាបបាននាពេលកន្លងទៅ។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា ក្នុងករណីដូចមហាជនបានលើកឡើងថា ឲ្យសម្លៀកបំពាក់កីឡាទាំងអស់នោះ ទៅចែកចាយ ឬធ្វើជាអំណោយផ្សេងនោះ មានន័យថា សមត្ថកិច្ច ឬសហភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គាំទ្រនូវការផលិតផលក្លែងក្លាយទាំងអស់នោះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតប ជាមួយបងប្អូន សាធារណជន ដែលបានបញ្ចេញមតិយោបល់ ពាក់ព័ន្ធនឹងការដុតបំផ្លាញចោលសម្លៀកបំពាក់ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ពាណិជ្ជនាម និយាយជារួ មគឺសម្លៀកបំពាក់ក្លែងក្លាយ រូបសញ្ញាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ។
ជាបឋមខ្ញុំបាទសូមអរគុណចំពោះមតិយោបល់របស់បងប្អូន សាធារណជនទាំងអស់នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថ នាពេលកន្លងទៅ ខ្ញុំបាទសុំទទួលយកនូវមតិយោបល់ទាំងនេះ។
សូមបងប្អូនមេត្តាពិចារណាមើលបន្តិចថា បើយើងយកសម្លៀកបំពាក់ទាំងអស់នេះ ទៅចែកចាយ ឬចែកអំណោយជូនទៅអ្នកដទៃនោះ មានន័យថា សមត្ថកិច្ច ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគាំទ្រនូវផលិតផលក្លែងក្លាយនោះ។
ដោយសារមានការគិតគូរវែងឆ្ងាយ និងស្របតាមផ្លូវច្បាប់ផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបំផ្លាញចោលនូវសម្លៀកបពាក់ដែលចាប់យកចំនួន២.៤៥៣កំប៉្លេ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨»។
យ៉ាងណាក៏ដោយ សម្រាប់ការចូលរួមបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងអស់នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ជានិច្ចសម្រាប់ការចូលរួមផ្សេងៗ៕