(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យប្រាប់អង្គភាពព័ត៌មានFresh News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះថា ក្រសួងសុខាភិបាល បានបន្ដពង្រឹងការកែលម្អគុណភាពសេវាសុខាភិបាលបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីផ្ដល់នូវគុណភាព ប្រសិទ្ធភាព ប្រកបដោយសីលធម៌វិជ្ជាជីវៈ ជូនដល់ប្រជាជនទូទាំងប្រទេស។
ជាងនេះទៅទៀត លោកស្រីបានបញ្ជាក់ថា ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការណែនាំការប្រឡងប្រណាំងមណ្ឌលសុខភាព ក្នុងកម្មវិធីការគ្របដណ្ដប់សុខភាពជាសកល» ដែលធ្វើឡើងនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការសហការគ្នារវាងនាយកដ្ឋានមន្ទីរពេទ្យ ជាមួយអង្គការសុខភាពពិភពលោក ហើយកម្មវិធីនេះ គឺគ្របដណ្ដប់សុខភាពជាសកលនៃខេត្តចំនួន៣ កំពង់ធំ, កំពង់ស្ពឺ និងកំពត។
កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលខេត្តកំពង់ធំ កំពត កំពង់ស្ពឺ ការិយាល័យស្រុកប្រតិបត្តិកំពង់ធំ កំពង់ត្រាច ភ្នំស្រួច និងមណ្ឌលសុខភាពចំនួន៤២ ដែលស្ថិតនៅក្រោមស្រុកប្រតិបត្តទាំងបី នៃខេត្តទាំង៣ ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក សរុបចំនួន១០២នាក់។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ការកែលម្អគុណភាពសេវាសុខាភិបាល មានសារសំខាន់ណាស់ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ជាពិសេសការលើកកម្ពស់គុណភាពសេវាកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើជាប្រចាំ ដោយមិនបង្អែរបង្អង់ឡើយ»។
បន្ថែមពីលើនេះ លោកស្រីបានសង្កត់ធ្ងន់លើសូចនាករចំនួន២១ ដែលបានដាក់ចេញសម្រាប់ការប្រឡងប្រណាំងមណ្ឌលសុខភាពតាំងពីខែមេសា ឆ្នាំ២០១៧ ដែលការងារអនាម័យស្អាត និងត្រួតពិនិត្យការចម្លងរោគ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាសមាសធាតុចាំបាច់ ដែលមិនអាចខ្វះបានផងដែរ ។
ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបន្ដថា «ដូច្នេះនាពេលនេះ យើងបានដាក់ចេញនូវសុច្ចនករប្រហាក់ប្រហែលគ្នាចំនួន២១ដែរ ដោយផ្តោតលើការងារគ្រប់គ្រង អនាម័យ បច្ចេកទេសថែទាំសុខភាពបឋម ដែលមានការដាក់បញ្ចូលនូវការការពារ និងឆែករកមើលរោគសញ្ញាជំងឺមិនឆ្លង ដែលតំរូវឲ្យមានការប្រឡងប្រណាំង ក្នុងចំណោមមណ្ឌលសុខភាពទាំង៤២ ស្រុកប្រតិបត្តិទាំង៣ នៃខេត្តទាំង៣ខាងលើនាពេលខាងមុខ។ លទ្ធផលទទួលបានពីការប្រឡងប្រណាំងនេះ នឹងអាចស្នើដាក់បញ្ជូលទៅក្នុងសន្និបាតសុខាភិបាលឆ្នាំ២០២០ខាងមុខនេះ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី បានសំណូមឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ជួយអប់រំទៅដល់ប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន អំពីការថែរក្សាសុខភាព តាមរយៈការអនុវត្តអនាម័យរស់នៅស្អាត ហូបស្អាត និងបរិស្ថានល្អ ចេះការពារខ្លួនកុំឲ្យកើតជំងឺឆ្លង និងការការពារជំងឺមិនឆ្លង ដោយអនុវត្តការបន្ថយការញាំអាហារ កុំប្រៃពេក កុំផ្អែមពេក និងកុំមានជាតិខ្លាញ់ច្រើនពេក ហើយបង្កើនការធ្វើលំហាត់ប្រាណជាប់ប្រចាំ។
ជាពិសេសជាងនេះទៀត ត្រូវអប់រំផ្សព្វផ្សាយដល់សហគមន៍និងប្រជាពលរដ្ឋនៅតាមតំបន់ ពន្យល់ពួកគាត់ពីវិធានការប្រុងប្រយ័ត្ន និងការការពារផលប៉ះពាល់សុខភាព ពីការកើនឡើងនៃកំដៅ នៅក្នុងខែបន្តបន្ទាប់ ជាពិសេសការហូបទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងកុំនៅក្រោមកំដៅថ្ងៃយូរពេក។ លើសពីនោះ លោកស្រីបានសំណូមពរដល់អង្គការ WHO ឱ្យបន្តការគាំទ្រទាំងបច្ចេកទេស និងថវិកា ក្នុងវិស័យសុខាភិបាល ដោយបន្តពង្រីកសកម្មភាព ទៅខេត្តកំពង់ចាមផងដែរ ៕