(សៀមរាប)៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកឡើងថា យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារឲ្យបានដាច់ខាតនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក្នុងនោះវិស័យសន្តិសុខឯកជន ក៏ជាវិស័យមួយដ៏សំខាន់ក្នុងការរួមចំណែកថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៤ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ នេះក៏ព្រោះតែការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។
ភាពរីកចម្រើនទាំងអស់នេះ ទាមទាឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវការប៉ុនប៉នណាមួយពីសំណាក់ក្រុមជ្រុលនិយម ដែលតែងតែមានចេតនាចង់បំផ្លេចបំផ្លាញសុខសន្តិភាព ដែលរកបានដោយកម្ររនេះ។
បើតាមលោកប្រធាននាយកដ្ឋានរូបនេះ ទោះជាកម្ពុជាមានសុខសន្តិភាពយ៉ាងណាក៏ដោយ តែបទល្មើសមួយចំនួនក៏នៅតែកើតមានជាបន្តបន្ទាប់ មិនថាប្រទេសណាឡើយ ប៉ុន្តែកម្ពុជាការពារបាននូវអំពើភេរវកម្ម។ ហេតុនេះហើយ កិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាតាមគ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារ ថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើង នូវការចូលរួមថែរក្សាសន្ដិសុខ បានយ៉ាងល្អប្រសើរ។
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្តផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។ កត្ដាទាំងអស់នេះហើយ បានជាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្ដិសុខឯកជនមួយនេះ ដែលជាវិស័យមួយមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ៕