(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសោរ៍ ចុងសប្តាហ៍នេះ សម្តែងសារសួរសុខទុក្ខប្រជាពលរដ្ឋ តាមបណ្តាញសង្គម Facebook។ សម្តេចក៏បានបង្ហាញអំពីភាពវិជ្ជមាន នៃដំណើរកម្ពុជា ដែលកំពុងឆ្ពោះទៅរកភាពល្អប្រសើរពី១ថ្ងៃទៅ១ថ្ងៃ ជាមួយនឹងឯករាជ្យភាពនយោបាយ និងសេដ្ឋកិច្ចទៅថ្ងៃអនាគត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ទោះបីរវល់ប៉ុណ្ណាក៏ដោយ គឺការនឹករឮករបស់ខ្ញុំមានជាប់ជាមួយបងប្អូន និងកូនក្មួយគ្រប់ៗគ្នា។ សង្ឃឹមថាថ្ងៃនេះ បងប្អូនបានសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារទាំងនៅក្នុងទីក្រុង និងក្នុងដំណើរកំសាន្តទៅកាន់តំបន់រមណីយដ្ឋាននានា។ ប្រទេសយើងមានសុខសន្តិភាព និងកាន់តែឆ្ពោះទៅរកភាពល្អប្រសើរជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ។ ឯករាជភាពទាំងនយោបាយ និងសេដ្ឋកិច្ច គឺធ្វើឱ្យកម្ពុជាយើងកាន់តែរឹងមាំ និងរីកចម្រើន»។
សម្តេចបានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីគ្រប់ៗគ្នាមានឱកាស និងប្រទេសជាតិកាន់តែរីកចម្រើនរុងរឿង។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវមានសុជីវធម៌ គុណធម៌ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕