(សៀមរាប)៖ ស្ថានភាពទឹកក្រោមដីនិងលើដីសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត។ ដូច្នេះ ការរក្សាទឹកឱ្យមានតុល្យភាពទាំងរដូវប្រាំងនិងរដូវវស្សាក្នុងកសិន្ធុ គឺចាំបាច់បំផុតទាមទារឱ្យការគ្រប់គ្រងទឹកបានត្រឹមត្រូវ ដើម្បីទ្រទ្រង់ប្រាសាទ និងរក្សាសោភ័ណភាពសម្រាប់រមណីយដ្ឋានទាំងមូល។
ជាក់ស្តែងរដូវប្រាំងនៅក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពល El Nino ធ្វើឱ្យអាកាសធាតុក្តៅហួតហែងខ្លាំង ធ្វើឱ្យមានការបាត់បង់ទឹកយ៉ាងច្រើនដោយបញ្ហារំហួតទឹកទៅបរិយាកាស ដែលបញ្ហានេះ បានជះឥទ្ធិពលខ្លាំងដល់ការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា «ក្នុងមួយថ្ងៃៗ ទឹកក្នុងកសិន្ធុអង្គរវត្តបាត់បង់អស់ប្រហែលជាងមួយម៉ឺនម៉ែត្រគូប (ស្រកប្រហែល១ហ៊ុន/២ហ៊ុន) ដោយការរំហួតទៅបរិយាកាសផងនិងការជ្រាបទឹកទៅក្នុងដីផង។ ទោះបីការរំហួតទឹកមានកម្រិតធំ តែមិនធ្វើឱ្យប៉ះពាល់ដល់បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តនោះឡើយ ព្រោះកសិន្ធុអាចផ្ទុកទឹកបានសរុបជាង១លានម៉ែត្រគូប ព្រមទាំងមានការបញ្ចូលទឹកជាប្រចាំផងដែរ»។
ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាបជាប្រចាំក្នុងការគ្រប់គ្រងទឹកក្រោមដី ធ្វើយ៉ាងណាកុំឱ្យការបូមទឹកក្រោមដីយកមកប្រេីប្រាស់ប៉ះពាល់ទៅដល់ស្រទាប់ទឹកក្រោមដី ដែលអាចនឹងមានហានីភ័យដល់ការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។
លើសពីនោះទៅទៀត អាជ្ញាធរជាតិអប្សរាក៏បានស្តារឡើងវិញនូវប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបង្ហូរទឹកពីកសិន្ធុទីក្រុងអង្គរធំទៅកសិន្ធុប្រាសាទអង្គរវត្តត្រង់ចំណុចទន្លេអុំខាងកើតតាមច្រកសំពៅលូន។ ដូច្នេះហើយទើបធ្វើឱ្យទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តធានាបានតុល្យភាព មិនរីងស្ងួត និងរក្សាបាននូវភាពស្រស់ស្អាតក្នុងកសិន្ធុជានិច្ច៕