(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានចុះអនុស្សរណៈយោគយល់គ្នា ក្រោមភាពជាដៃគូយុទ្ធសាស្រ្ដ ដោយបានប្រកាសជាសាធារណៈ ស្តីអំពី អតិថិជនអាចបង់ធានារ៉ាប់រងអាយុជីវិតបាន តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត (ACLEDA Unity ToanChet)។
តាមរយៈ សេវាអេស៊ីលីដា យូនីធី ទាន់ចិត្ត នេះ អតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលមានគណនីនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចបង់បុព្វលាភ ធានារ៉ាប់រងបានយ៉ាងរលូន និងឆាប់រហ័ស តាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយ Android និង iOS ដែលកម្មវិធីនេះ អាចសន្សំសំចៃពេលវេលា និងមិនចាំបាច់ពិបាកធ្វើដំណើរទៅកាន់ធនាគារនោះឡើយ ហើយព្រមទាំងអាចទូទាត់ប្រាក់បុព្វលាភបានភ្លាមៗ និងងាយស្រួលទៀតផង។
នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានថ្លែងថា ការដាក់ឱ្យដំណើរការនូវមធ្យោបាយបង់បុព្វលាភ តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្តនេះ ក្នុងទូរស័ព្ទចល័ត គឺសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់នូវជម្រើស សម្រាប់ប្រតិបត្តិការទូទាត់ស្របតាមយុគសម័យឌីជីថល ស្របតាមបច្ចេកវិទ្យាទាន់សម័យ ជាមធ្យោបាយបង់ប្រាក់ដ៏ងាយស្រួល ដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ស្របតាមយុទ្ធនាការផ្សព្វផ្សាយថ្មី (WeDoInnovation) របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា យើងបានប្តេជ្ញាពង្រឹងសមត្ថភាព នាយុគសម័យទំនើបរបស់យើង ដើម្បីបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការ ដែលវិវត្តន៍ទៅមុខឥតឈប់ឈររបស់អតិថិជនយើង។ ភាពជាដៃគូដ៏អស្ចារ្យ ជាមួយនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយឱ្យយើងអាចបន្ថែមកម្មវិធីបង់បុព្វលាភធានារ៉ាប់រងអាយុជីវិត តាមរយៈ ACLEDA Unity ToanChet ទៅក្នុងមធ្យោបាយបង់បុព្វលាភជាច្រើនយ៉ាង ដែលយើងកំពុងមានសព្វថ្ងៃ ហើយក៏ជួយឱ្យយើងអាចអភិវឌ្ឍន៍ឈានឡើងបានយ៉ាងងាយស្រួល លើការងារផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍សម័យទំនើបដ៏រលូនផងដែរ។
លោកបានបន្ថែមទៀតថា អស់រយៈពេលជាង ៥ ឆ្នាំកន្លងមកហើយ ដែលក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការរួមគ្នាដើម្បីផ្តល់សុវត្ថិភាព ហិរញ្ញវត្ថុ ក៏ដូចជាការការពារផ្នែកសុខភាព និងផ្នែកហិរញ្ញវត្ថុពេញលេញ ជូនដល់អតិថិជនរបស់យើង ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់បែបនេះ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា អេស៊ីលីដា យូនីធី ទាន់ចិត្ត ជាជម្រើសដ៏ល្អក្នុងការបម្រើដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុងគោលដៅបម្រើអតិថិជន ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមានឧត្តមភាពខ្ពស់ក្នុងការប្រកួតប្រជែង។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានងាកមកប្រើមធ្យោបាយទូទាត់ទំនើបបែបថ្មីដោយមិនចាំបាច់ប្រើក្រដាសនេះ នឹងក្លាយជាស្តង់ដាររួមនៅក្នុងប្រទេសកម្ពុជា ហើយវាក៏នឹងផ្ដល់អំណោយផលដ៏ល្អផងដែរ សម្រាប់ការខិតខំរបស់ក្រុមហ៊ុន លើការងារលើកកម្ពស់សមូហភាពហិរញ្ញវត្ថុនៅក្នុងប្រទេសហើយក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចាំផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយថ្មីរបស់ខ្លួន គឺ “We Do” ដោយភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះអតិថិជនរបស់ខ្លួនក្រោមពាក្យថាListening. Understanding. Delivery ៕