(ពោធិ៍សាត់)៖ ភ្លៀងធ្លាក់១មេធំ បានបង្អុរយ៉ាងខ្លាំងនៅលើទឹកដី ខេត្តពោធិ៍សាត់ ក្នុងស្រុកវាលវែង ស្រុកបាកាន ក្រុងពោធិ៍សាត់ និងមួយផ្នែកនៃស្រុកក្រគរ អស់រយៈពេលជាង២ម៉ោង តាំងពីម៉ោង៤៖៣០នាទី រហូតដល់ម៉ោង ៦៖៤៥នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។ ជាមួយភ្លៀងមួយមេនេះ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះបានទឹកប្រើប្រាស់ឡើងវិញ ក្រោយពីស្ថានភាពដាច់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋ និងមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងគេសង្កេតឃើញផ្ទៃមេឃស្រទំ និងពពកខ្មៅអួរអាប់រយៈពេលប្រហែលជាកន្លះម៉ោង បន្ទាប់មកទើបបណ្តាលឲ្យមានភ្លៀងធ្លាក់មួយមេធំ លាយឡំនិងមានខ្យល់បោកបក់ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វី ជាយថាហេតុដល់អាយុជីវិតពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។
ប្រជាពលរដ្ឋ បានលើកឡើងថា ខណៈដែលពួកគាត់ឃើញ មានមេឃធ្លាក់ភ្លៀងមួយមេយ៉ាងធំបែបនេះ ធ្វើឲ្យពួកគាត់មានការត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះក្នុងរយៈពេលជាង២ខែនេះ មានភាពរីងស្ងួត នៅគ្រប់ទូទាំងប្រទេស។
ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ នៅតាមតំបន់ដាច់ស្រយ៉ាលមួយចំនួន កំពុងជួបនូវបញ្ហាកង្វះទឹកប្រើប្រាស់ជាប្រចាំថ្ងៃ ហើយអាជ្ញាធររួមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅបន្តខិតខំយកចិត្តទុកដាក់ជួយចាត់ចែងផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់បាតុភូតខ្យល់កន្រ្តាក់មួយមេធំនេះ បានធ្វើឲ្យដើមឈើបាក់កាត់ផ្លូវ និងរបេីកដំបូលផ្ទះបន្តិចបន្តួច តែមិនមានសេចក្តីរាយការណ៍ ពីការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ៕