(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រទេសតួកគី បានយល់ព្រមផ្តល់ថាមពលអគ្គិសនី ២០០មេហ្គាវ៉ាត់ ដល់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចចរចាគ្នារវាងភាគីកម្ពុជានិងតួកគីបានឈានទៅដល់ការព្រមព្រៀងគ្នាហើយ ដោយនាំយកនាវាផលិតថាមពលអគ្គិសនីមកកម្ពុជា ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត។
សូមជំរាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យអ្នកលក់ម៉ាស៊ីនភ្លើងទាំងអស់ កុំឆ្លៀតឱកាសលក់ដំឡើងថ្លៃ នៅពេលដែលកម្ពុជា កំពុងតែមានបញ្ហាកង្វះថាមពលអគ្គិសនី។
សារអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីសម្ដេចបានស្នើឲ្យមានការបញ្ចេញម៉ាស៊ីនភ្លើង ឬទិញម៉ាស៊ីនភ្លើង ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្ន នោះ ស្រាប់តែគេសង្កេតឃើញថា អាជីវករមួយចំនួនហាក់កំពុងតែឆ្លៀតឱកាស ដើម្បីដំឡើងថ្លៃភ្លាមៗផងដែរ ដែលតម្លៃខ្លះឡើងគុណនឹងពីរជាមួយតម្លៃលក់ធម្មតា៕