(ភ្នំពេញ)៖ មានមនុស្សជាច្រើនបានលង់ស្រលាញ់ទូរស័ព្ទ OPPO F11 Pro ស្ទើរតែមិនគួរឲ្យជឿ ដោយសារតែនៅថ្ងៃចុងក្រោយនៃកម្មវិធី Pre-Order មានមនុស្សជាច្រើនបាននាំគ្នាធ្វើការកម្មង់ទូរស័ព្ទ F11 pro យ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីការរំពឹងទុករបស់ក្រុមហ៊ុន OPPO នៅកម្ពុជា រហូតដល់ថ្នាក់អតិថិជនខ្លះ មានប្រតិកម្មចំពោះការបិទកម្មវិធី Pre-Order មុនថ្ងៃកំណត់ដោយសារតែពួកគេមិនអាចទទួលបានផលិតផល បាននៅថ្ងៃលក់ដំបូងកាលពីម្សិលមិញ និងមិនអាចឆ្លើយតបតាមការកម្មង់នៃអតិថិជនរបស់ពួកគេបានឡើយនោះ។
ហើយនៅថ្ងៃ First Sale ម្សិលមិញទៀតនេះសោត យើងសង្កេតឃើញថាមានអតិថិជនជាច្រើន បានមកទទួលយកទូរស័ព្ទនៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ដែលពួកគេបានកម្មង់ទុកសឹងតែគ្រប់ហាងលក់ទូរស័ព្ទតែម្តង។
តើមានមូលហេតុអ្វីទៅបានជា F11 Pro ទទួលបានការគាំទ្រ ពីសំណាក់អតិថិជនច្រើនបែបនេះ? ហើយហេតុអ្វីបានជាការផ្តល់ជូនទូរស័ព្ទ F11 Pro មិនអាចតម្រូវទៅតាមការកម្មង់នៅក្នុងទីផ្សារដូច្នេះ? ជាការពិតណាស់តាមការឲ្យដឹងរបស់ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថាគ្រប់ម៉ូឌែលស៊េរី F របស់ OPPO តែងតែទទួលបានគាំទ្រចើនពីអតិថិជន ជាយូរណាស់មកហើយ ហើយស៊េរី F នេះ គឺលក់ដាច់ខ្លាំងណាស់ពីមួយម៉ូឌែល ទៅមួយម៉ូឌែល សឹងតែលក់ដាច់អស់ស្តុកតែម្តងនៅលើទីផ្សារអាស៊ី។
ម្យ៉ាងវិញទៀតមូលហេតុនៃភាពយឺតយ៉ាវក្នុងការផ្តល់ជូនផលិតផលទូរស័ព្ទ F11 Pro ដោយសារតែផលិតផល F11 Pro ចេញមកភ្លាមត្រូវតែឆ្លងកាត់ភាពសម្រិតសម្រាំង និងត្រួតពិនិត្យយ៉ាងច្បាស់លាស់ពីក្រុមអ្នកជំនាញនៅខាងរោងចក្រផលិតធំៗ ដែលមានច្រើនដំណាក់កាល ហើយនៅពេលដែលការកម្មង់កាន់តែច្រើន នោះការផលិតត្រូវបង្កើនទ្វេដង ដែលបណ្តាលឲ្យមានភាពយឺតយ៉ាវបន្តិច។
យោងតាមការលើកឡើងរបស់ក្រុមហ៊ុនបានបន្ថែមទៀតថា បើយើងក្រលេកមើលម៉ូឌែល F11 Pro នៅក្នុងទីផ្សារលក់វិញ មិនថានៅលើកាមេរ៉ា រូបរាង និងបច្ចេកវិទ្យាទេ គឺត្រូវឆ្លងកាត់ក្រុមអ្នកជំនាញធ្វើការត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធ្វើឲ្យកាមេរ៉ាភ្លោះខាងក្រោយទំហំ 48MP របស់ F11 Pro ក្លាយជាអ្នកជំនាញថតរូបបែបPortrait សម្រាប់អ្នកប្រើប្រាស់ 24ម៉ោង ប្រកបដោយគុណភាពខ្ពស់ ហើយ F11 Pro បាន Update ទាំង Software និង Hardware ដើម្បីទទួលបាននូវទូរស័ព្ទមួយគ្រឿងដែលអាចថតរូបច្បាស់ឥតខ្ចោះនៅទីងងឹតផងដែរ។
ពិតមែនហើយកាមេរ៉ាភ្លោះខាងក្រោយទំហំ 48 MP របស់ F11 Pro ដើមឆ្នាំ២០១៩នេះបាន Update ជាងម៉ូឌែលមុនៗទាំងទំហំ និង បច្ចេកវិទ្យាទំនើប ដែលជម្រុញឲ្យរូបភាពដែលថតចេញមក កាន់តែច្បាស់ ពណ៌កាន់តែស្រស់បំព្រង និងផ្ទៃមុខរបស់មនុស្សវិញកាន់តែដូចធម្មជាតិពិតៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ ចំណុចសំខាន់ផ្សេងៗទៀតរបស់ F11 Pro ដែលធ្វើឲ្យអតិថិជនកក្រើកចង់បានដោយសារតែវាមានថ្មទំហំ 4000MAh, មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost, មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរពណ៌ គឺ Thunder Black និង Arura green កាន់តែស្រស់ស្អាត និងកាន់តែថ្លៃថ្នូរ ដែលចំណុចទាំងអស់នេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់គ្រប់រូបចង់បាន និងបានកម្មង់ទុកមានសន្ទុះខ្លាំងដូច្នេះ។ សូមបញ្ចាក់ថាទូរស័ព្ទ OPPO F11 Pro តម្លៃត្រឹមតែ 339$ ជាតម្លៃដ៏ពិសេសមួយដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន ប៉ុន្តែបើនិយាយពីមុខងារបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗវិញមិនបាច់ថ្លែងទេ គឺថាកប់ស៊េរីតែម្តងបើមិនជឿសាកជាវមួយគ្រឿងទៅដឹងហើយ។
ហើយក្រុមហ៊ុនបានបញ្ជាក់សង្កត់ធ្ងន់ថា ចំពោះអតិថិជនដែលបានកម្មង់ទូរស័ព្ទ F11 Pro ហើយមិនទាន់ទទួលបានទូរស័ព្ទសូមលោកអ្នកមេត្តារង់ចាំបន្តិចដោយសារតែពេលនេះ ក្រុមហ៊ុន OPPO បាននឹងកំពុងបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីនាំយកទូរស័ព្ទ F11 Pro ដ៏ស្រស់ស្អាត មកដល់ដៃលោកអ្នកជាក់ជាមិនខាន៕