(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងមិនដកកងកម្លាំងរក្សាសន្តិភាពចេញពីប្រទេសដែលកំពុងរងគ្រោះឡើយ ហើយកម្ពុជារក្សាជំហរបញ្ជូនបន្ថែមឱ្យកាន់តែច្រើនទៀតផងដែរ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់ប្រទេសដែលចង់ដាក់ទណ្ឌកម្មកម្ពុជាថា តើយល់យ៉ាងណាចំពោះកម្ពុជា ដែលកំពុងដើរតួនាទីរួមចំណែកក្នុង សកម្មភាពរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ខណៈប្រទេសមួយចំនួនដកខ្លួនថយ។ សម្តេចតេជោ ចោទសួរថា បើរាជរដ្ឋាភិបាលកម្ពុជាមិនស្របច្បាប់ តើកម្ពុជាអាចមានលទ្ធភាពកងទ័ពទៅឆាកអន្តរជាតិដែរទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសក្រនៅក្នុងអាស៊ាន តែកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយអន្តរជាតិ ក្នុងសកម្មភាពមនុស្សធម៌តាមរយៈកងទ័ពមួកខៀវ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណជាង៥៧៨៣នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន២៧៧ នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនប្រមាណ១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋ, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលីផងដែរ៕