(ព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំ ស្តីពី ស្ថានភាពនិងផែនការផ្គត់ផ្គង់ទឹកស្អាតនិងថាមពលអគ្គីសនីដើម្បីធានាដល់និរន្តរភាពនៃការរីកចម្រើនឧស្សាហកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក. និងលោក ឈិន សេងងួន អភិបាលខេត្តស្តីទីខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន ។
គោលបំណងនៃកិច្ចប្រជុំនេះ ទី១៖ ពិភាក្សាជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អង្គភាពរដ្ឋាករទឹក និងអង្គភាពអគ្គីសនីខេត្តព្រះសីហនុ ដើម្បីកំណត់ពីបញ្ហាប្រឈម ដំណោះស្រាយនិងផែនការអនាគតនៃការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គីសនីក្នុងខេត្តព្រះសីហនុ និង ទី២៖ ចុះប្រមូលទិន្នន័យតាមមូលដ្ឋានអាជីវកម្ម និងលំនៅដ្ឋានដោយកំណត់យកការសិក្សា១០%នៃ ចំនួនសរុប។
លទ្ធផលនៃការសិក្សា និងប្រមូលទិន្នន័យនេះ នឹងផ្តល់ជាមូលដ្ឋានយ៉ាងសំខាន់ដល់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការនិងយុទ្ធសាស្រ្តតាមជំនាញរៀងៗខ្លួន ដើម្បីជួយជ្រោមជ្រែង និងធានាដល់និរន្តរភាពនៃការរីកចម្រើនដល់វិស័យទេសចរណ៍ និងឧស្សាហកម្មផ្សេងៗ ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២ លាននាក់កើនឡើង ១១% ធៀបនឹងឆ្នាំ២០១៧ ។ ដោយឡែកខេត្តព្រះសីហនុ ទទួលទេសចរបានចំនួន ២ លាននាក់ កើនឡើង ២,៦ % ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៤៦ លាននាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥៨ ម៉ឺននាក់ កើនឡើង ២៤%។
ជាមួយនឹងកំណើននៃចំនួនភ្ញៀវទេសចរ សំណង់សណ្ឋាគារជាច្រើនរួមទាំងសណ្ឋាគារកម្រិតផ្កាយ៤ និងផ្កាយ៥ ព្រមទាំងអគារស្នាក់នៅរួមបាននឹងកំពុងសាងសង់ និងមួយចំនួនបានដាក់អោយដំណើការរួចរាល់ហើយដែលមានចំនួនប្រមាណ២ពាន់បន្ទប់ក្នុងឆ្នាំ2019 និងជាង3ពាន់បន្ទប់ក្នុងឆ្នាំ២០២០៕