(ភ្នំពេញ)៖ ទីបំផុតនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ពាក្យបណ្តឹងរបស់អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវី បានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទបរិហារ្តិ៍ជាសាធារណៈ បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់។
នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំាំងអស់នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការសម្រេចដាក់ពាក្យបណ្តឹងរបស់អង្គភាពព័ត៌មាន Fresh News បានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ ដែលកំពុងមានមោទនភាពនឹងការប្រើប្រាស់ Facebook នោះ បាន Live វីដេអូមួយ បរិហារចំៗមកលើអង្គភាពព័ត៌មាន Fresh News ថា ផ្សព្វផ្សាយតែព័ត៌មានដែលបានលុយ និងផលប្រយោជន៍។
លោក ផែង វណ្ណៈ បានប្រមាថមកលើ Fresh News យ៉ាងដូច្នេះថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេមរហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ....»។
មុននឹងឈានដល់ការដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ អង្គភាពព័ត៌មាន Fresh News ក៏បានស្នើឱ្យលោក ផែង វណ្ណៈ កែតម្រូវ និងសុំទោស ក្នុងរយៈពេល២៤ម៉ោង ចំពោះអ្វីដែលលោកបាននិយាយបំពានមកលើ Fresh News ផងដែរ ប៉ុន្តែផ្ទុយទៅវិញ លោកពុំបានកែតម្រូវនោះទេ ថែមទាំងជំរុញឱ្យ Fresh News ដាក់ពាក្យបណ្តឹងថែមទៀត ដោយលោកគ្រាន់តែសរសេរសារនៅក្នុងក្រុមតេលេក្រាមមួយថា «ប្តឹងទៅ ខ្ញុំចូលបំភ្លឺ»។
ជាមួយគ្នានេះ លោក ផែង វណ្ណៈ បានព្យាយាមបង្ហោះរូបភាពដែលលោកធ្វើជាតំណាងក្រុមគ្រួសារជនបង្ក យកលុយ៥ពាន់ដុល្លារ ទៅឱ្យម្តាយនិស្សិតឆ្នើមដែលរងគ្រោះដោយ រថយន្ត Rang Rover បុកស្លាប់នោះ ទៅប្រៀបធៀបវាយប្រហារ លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដែលជា អ្នកតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យកថវិកាក្នុងនាមសប្បុរសជន ទៅចូលរួមកសាងចេតិយ៍លោកបណ្ឌិត កែម ឡី។
មហាជនជាច្រើនបានចាត់ទុកថា សកម្មភាពទាំងពីរនេះខុសគ្នាស្រឡះតែម្តង ដោយសារតែម្នាក់តំណាងឱ្យគ្រួសារជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ តែម្នាក់ទៀតតំណាងឱ្យសម្បុរសជន ដែលមិនពាក់ព័ន្ធនឹងភាគីបង្កទាល់តែសោះ។ តើនេះមានចេតនាអ្វី ?៕