(ព្រៃវែង)៖ នៅព្រឹកថ្ងៃស្រុក ទី២៩ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មវិធីសំណេះសំណាលសាកសួរសុខទុក្ខ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗ ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស.២៥៦២ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីពេលបង្កើតនៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន ក្រុមការងារកម្មករ ពលករចំណាកស្រុក ខេត្តព្រៃវែង ដោយមានការដឹកនាំជាប្រចាំរបស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង តែងតែបានខិតខំយកចិត្តទុកដាក់រៀបចំឲ្យមានកម្មវិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ពេលបងប្អូនមានឱកាសឈប់សំរាកពីការងារវិលត្រឡប់មកជួបជុំក្រុមញាតិគ្រួសារនៅស្រុកកំណើតវិញ ក្នុងពិធីបុណ្យផ្សេងៗ មានជាអាទិ៍ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ។ល។ បានចំនួនប្រមាណជិត ៣០០,០០០ដង/នាក់ លើចំនួនចំណាកស្រុកប៉ាន់ស្មានសរុបប្រមាណ ៣៥០,០០០នាក់ នៅតាមស្រុក ក្រុងទាំងអស់ក្នុងខេត្តព្រៃវែង។
ការជួបសំណេះសំណាលសាកសួរសុខទុក្ខខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសកម្មគាំទ្រដល់យុទ្ធនាការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកម្មករ ពលករ រាប់សែននាក់ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងកន្លែងអាជីវកម្មផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ជារួមចលនាសកម្មភាពផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយកម្មករ ពលករចំណាកស្រុក គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងជំនឿនិងការគាំទ្ររបស់បងប្អូនចំពោះគណបក្សប្រជាជនកម្ពុជា ស្តែងឡើងតាមរយៈលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កន្លងទៅនេះ៕