(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការចរចាជាមួយក្រុមហ៊ុន Royal របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបញ្ចប់ការដោះសាយឲ្យបានឆាប់ ធ្វើយ៉ាងណាអាចផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរ ជិតរថភ្លើងដោយឥតគិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។

ការផ្តល់ជូនការជិះរថយន្តភ្លើងដោយឥតគិតថ្លៃនេះ ធ្វើឡើងលើផ្លូវរថភ្លើងទាំង២ គឺពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យ៉ាងណាក៏ដោយ ជិតដល់ចូលឆ្នាំខ្មែរហើយ ត្រូវសម្រេចសំណូមពរឲ្យខ្ញុំ ដឹកប្រជាជនទាំង២ទិស ទៅចូលឆ្នាំដោយមិនបង់ប្រាក់ ព្រោះខ្ញុំបានសន្យាជាមួយកម្មករ កម្មការិនី រដ្ឋអត់យកលុយធ្វើដំណើរ»

ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្តល់ក្បាលម៉ាស៊ីនរថភ្លើង និងទូររថភ្លើងទោះចាស់ក្តីដល់កម្ពុជា ដើម្បីអាចដាក់ដំណើរការ និងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា។ ខណៈនាយករដ្ឋមន្ត្រីថៃ បានផ្តល់ក្បាលរថភ្លើងឲ្យកម្ពុជា យកមកប្រើប្រាស់ផងដែរ ដើម្បីដាក់ដំណើរការសម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ភ្ជាប់ផ្លូវដែកនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីជីវភាព និងការរស់របស់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរក្នុងបុណ្យទាន ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌជាដើម។ ដើម្បីសម្រួលការធ្វើដំណើរទៅកាន់ស្រុកកំណើតនោះ សម្តេចតេជោ តែងផ្តល់ការជិះរថភ្លើងដោយឥតគិតថ្លៃ ក៏ដូចជាការជិះរថយន្តក្រុងពីភ្នំពេញ ទៅមានបណ្តាខេត្តដោយឥតគិតថ្លៃផងដែរ៕