(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សិក្សាអំពីការប្តឹង ឬមិនប្តឹង ទៅកាន់អង្គការពារណិជ្ជកម្មពិភពលោក (WTO) ចំពោះករណីអឺរ៉ុប យកពន្ធអង្ករខ្មែរ ដែលជាអំពើអយុត្តិធម៌មួយសម្រាប់ប្រទេសកម្ពុជា។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានទទួលសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អំពីការសុំប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចបានបញ្ជាឱ្យ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសិក្សាឱ្យបានម៉ត់ចត់សិន។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេ (សហព័ន្ធស្រូវអង្ករកម្ពុជា) សុំប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក អញ្ចឹងសូមឯកឧត្តម ប៉ាន់ សូរស័ក្ត ពិនិត្យលើរឿងនេះថាតើយើងប្តឹងឬមិនប្តឹង ទៅអង្គការពាណិជ្ជកម្មពិភពលោក ព្រោះនេះជាការបំពានមកលើយើងតែម្តង»។
សូមជម្រាប់ថា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ តទៅ សហគមន៍អឺរ៉ុបចាប់ផ្តើមគិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងបង្កបញ្ហាដល់ការនាំចេញអង្ករខ្មែរទៅអឺរ៉ុប គឺកើតឡើងដោយសារការតវ៉ារបស់ប្រទេសអ៉ីតាលី ប៉ុន្តែបញ្ហានេះមិនមែនប៉ះពាល់ធ្ងន់ធ្ងរដល់អង្ករខ្មែរនោះទេ។ ជាមួយគ្នានេះ អ្នកនៅអឺរ៉ុប ក៏ជួបបញ្ហាដែរ ព្រោះត្រូវទទួលទានអង្ករឆ្ងាញ់ដែលថ្លៃជាមុន។ ដោយឡែក ការនាំចេញអង្ករកម្ពុជា ទៅក្រៅប្រទេស នៅតែមានចំនួនច្រើនដដែល បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួននៃការនាំចេញអង្ករឆ្នាំនេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំទៅ អញ្ចឹងអ្វីដែលសហភាពអឺរ៉ុប ដាក់ពន្ធលើយើង មិនមែនជាបញ្ហាខូចខាតធ្ងន់ធ្ងរណាមួយនោះទេ ហើយនោះក៏មិនមែនជាបញ្ហា EBA នោះទេ ។ ជាបញ្ហាគាំពានិយម នៃអង្កររបស់អ៉ីតាលីតែប៉ុណ្ណោះ ដែលនេះគឺជាការសោកស្តាយមួយ នៃភាពមិនយុត្តិធម៌នៅក្នុងគោលការណ៍ នៃអង្គការពាណិជ្ជកម្មពិភពលោក»។
សម្តេចក៏បានជំរុញឱ្យខិតខំពង្រីកទីផ្សារនៅប្រទេសផ្សេងទៀត ទោះបីជាវៀតណាមទិញកម្ពុជាផ្លូវការ៣០ម៉ឺនតោន និងក្រៅផ្លូវការ១លានតោន ហើយចិនទិញកម្ពុជា៤០ម៉ឺនតោនក៏ដោយ។ ជាមួយគ្នានេះ សម្តេចបានចរចា ពង្រីកទីផ្សារកសិកម្មកម្ពុជា នៅកូរ៉េខាងត្បូង និងជប៉ុនថែមទៀត ហើយសម្តេចមានបំណងនឹងបញ្ចុះបញ្ចូលប្រទេសនៅក្នុងតំបន់អឺរ៉ាស៊ីផងដែរ ដើម្បីឱ្យកសិកររបស់យើង នឹងទទួលបានផលចំណេញ ពីការខិតខំរបស់របស់រាជរដ្ឋាភិបាលនេះ។
សូមជម្រាបថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបាន១១២,៤៨៦តោន កើនឡើង១.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១១០,៤៣២តោន។
ជាការគត់សម្គាល់នៅរយៈពេល២ខែដំបូងនេះ កម្ពុជានាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប បានចំនួន៣៣,៩៦៩តោន ខណៈដែលអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩តទៅ។ ខណៈប្រទេសចិន ដែលផ្តល់កូតានាំចេញអង្ករចំនួន៤០ម៉ឺនតោនដល់កម្ពុជានោះ នៅ២ខែដំបូងនេះ ចិនបាននាំចូលអង្កររបស់កម្ពុជា ចំនួន៤៣,៤៥២តោន៕