(ភ្នំពេញ)៖ ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យមានការបញ្ចុះតម្លៃសេវាលកម្ម របស់កំពង់ផែស្វយ័តទាំងពីរ គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័ក្រុងព្រះសីហនុ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ថ្លៃឡូជីស្ទីក គឺជាកត្តាចម្បងមួយ នៅក្នុងការកំណត់ភាពប្រកួតប្រជែងរបស់ប្រទេស។ សម្តេចបានស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ចរចារជាមួយក្រុមហ៊ុននាវាដឹកជញ្ជូនទំនិញ និងសិក្សាអំពីការបញ្ចុះថ្លៃ សេវាផែធំទាំងពីររបស់រដ្ឋ គឺកំពុងផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
លើសពីនេះ សម្តេចក៏បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ ដែលបានខិតខំចរចារ ហើយទទួលបានលទ្ធផល បញ្ចុះថ្លៃលើកដាក់ចំណត។ ហើយក្រុមហ៊ុននានាមួយចំនួន ក៏បានយល់ព្រមបញ្ចុះថ្លៃសេវារបស់ខ្លួន ពី៥ដុល្លារ TEU លើសេវាលើកដាក់កុងតឺន័រនៅចំណតផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «ចំពោះថ្លៃនេះ ក្រុមហ៊ុនបានអះអាងថា នឹងមានការបញ្ចុះបន្ថែមទៀត ប្រសិនបើកំពង់ផែ មានការបញ្ចុះថ្លៃ។ ករណីនេះ ផលចំណេញពីការកាត់បន្ថយថ្លៃសេវាលើកដាក់នៅចំណត និងមានទំហំប្រមាណ ២,៥០០,០០០ដុល្លារអាមេរិក។ អញ្ចឹងចំណុចនេះ ខ្ញុំស្នើបន្តឲ្យមានការសន្ទនាគ្នា ព្រោះក្រុមហ៊ុនដឹកជញ្ជូនបាននិយាយថា គេនឹងអាចចុះថ្លៃបន្ថែមទៀត បើសិនជាកំពង់ផែទាំងពីរចុះថ្លៃ ដូច្នេះចំណុចនេះ សុំឲ្យកំពង់ផែទាំងពីរពិចារណា»។
សម្តេចបន្តថា «យើងមិនត្រូវយកការចំណេញពីកំពង់ផែទាំងពីរនេះ ដោយសម្លាប់សេដ្ឋកិច្ចរបស់ប្រទេសនោះទេ។ យើងសុំចិត្តកាត់បន្ថយប្រាក់ចំណេញនៅកំពង់ផែទាំងពីរ ក៏ប៉ុន្តែវាចំណេញដល់ផលនៃសេដ្ឋកិច្ចជាតិទាំងមូលរបស់យើង។ ដូច្នេះសង្ឃឹមថាវិធានការនេះ នឹងត្រូវកាត់បន្ថយបន្ថែមទៀត ដើម្បីឲ្យផលចំណេញកាន់តែខ្ពស់ សម្រាប់ការដឹកជញ្ជូន ថ្លៃសេវា ភាពមិនសមតុលគ្នារវាងកុងតឺន័រចេញចូល»។
បើតាមប្រសាសន៍នាយករដ្ឋមន្ត្រី ក្រុមហ៊ុននាវាមួយចំនួនបានយល់ព្រមបញ្ចុះតម្លៃសេវាចំនួន ២០ដុល្លារអាមេរិក សម្រាប់កុងតឺន័រប្រភេទ ២០ហ្វីត ពី១២០ដុល្លារ មកត្រឹម១០០ដុល្លារអាមេរិក និងបញ្ចុះតម្លៃ ៤០ដុល្លារ សម្រាប់កុំតឺន័រប្រភេទ ៤០ហ្វីត ពី២៤០ដុល្លារ មកនៅត្រឹម ២០០ដុល្លារអាមេរិក។ ក្រុមហ៊ុននាវាផ្សេងទៀត កំពុងពិចារណា និងពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន លើការបញ្ចុះថ្លៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ថ្លៃដឹកជញ្ជូនតាមសមុទ្រ ក្រសួងពុំទាន់បានទទួលព័ត៌មានឆ្លើយតបវិញពីក្រុមហ៊ុនាវា ដែលបានចូលរួមពិភាក្សាជាមួយក្រសួងនៅឡើយទេ ប៉ុន្តែក្នុងចំណោមនោះមានក្រុមហ៊ុន SITC Logistic Cambodia បានយល់ព្រមបញ្ចុះថ្លៃ ៥០ភាគរយនៃការដឹកជញ្ជូន ពាក់ព័ន្ធនឹងការនាំចេញអង្ករទៅប្រទេសចិន។ ក្រុមហ៊ុននេះ ក៏អនុញ្ញាតផងដែរ ឲ្យក្រុមហ៊ុនដទៃទៀតអាចប្រើប្រាស់កុំតឺន័ររបស់ខ្លួន ដើម្បីដឹកអង្ករទៅប្រទេសចិនដោយឥតគិតថ្លៃ។ ដូចនេះថ្លៃចំណេញពីការកាត់បន្ថយថ្លៃសេវា OFC មានសរុបប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។
សម្តេចថ្លែងទៀតថា ថ្លៃទប់ទល់នៅពេលប្រេងឡើងថ្លៃខ្ពស់វិញ SITC Logistic Cambodia បានយល់ព្រមមិនគិតថ្លៃសេវា EBC របស់ខ្លួនទៀតទេ ដែលកន្លងមកក្រុមហ៊ុនបានគិតថ្លៃ ១៥ដុល្លារសម្រាប់កុងតឺន័រប្រភេទ ២០ហ្វីត និង៣០ដុល្លារ សម្រាប់ប្រភេទកុងតឺន័រប្រភេទ ៤០ហ្វីត ។ ដូចនេះ ផលចំណេញពីការកាត់បន្ថយថ្លៃសេវា EBC មានសរុបប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។ ក្រសួងនឹងបន្តការពិភាក្សាក្នុងការបញ្ចុះថ្លៃនេះ ជាមួយក្រុមហ៊ុនផ្សេងៗទៀត។
សម្តេចបានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានយល់ព្រម និងសម្រេចបញ្ចុះថ្លៃលើកដាក់អូឡូ ១០ភាគរយ ថ្លៃបូនឺសពី ៧,៥០ដុល្លារ មកនៅ៥ដុល្លារក្នុងមួយប៊ូត និងកែសម្រួលមិនគិតថ្លៃឈ្នួល បម្លាស់ទីនាវា ដែលករណីទាំងអស់នេះ ធ្វើឲ្យមានផលចំណេញពីការបញ្ចុះថ្លៃ ២,១៣០,០០០ដុល្លារអាមេរិក បន្ថែមទៀតក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០១៩ កំពង់ផែស្វយ័តក្រុងភ្នំពេញ គ្រោងបន្តបញ្ចុះថ្លៃលើសេវាកម្ម លើកដាក់ពីនាវា ទីលាន ថ្លៃច្រកទ្វារ ការអនុគ្រោះស្តុកទុកកុងតឺន័រចំនួន ២ថ្ងៃ បន្ថែមសម្រាប់កុងតឺន័រនាំចេញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សេវាកម្មដឹកជញ្ជូនកុំតឺន័រ និងបញ្ចុះថ្លៃសេវាឡូឡូស្កេន ធ្វើឲ្យមានផលចំណេញពីលើការបញ្ចុះថ្លៃ មានសរុបប៉ុន្មាន ១,២០០,០០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ដូច្នេះសរុបជារួម ផលចំណេញពីការបញ្ចុះថ្លៃទាំងអស់របស់វិស័យឯកជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល នៅដំណាក់កាលទី១នេះ មានប្រមាណ ៣,៩៩០,០០០ដុល្លារអាមេរិក ជាមួយនឹងកំពង់ផែស្វយ័តទាំងពីរ ក៏ចូលរួមបញ្ចុះថ្លៃផងដែរ ដែលផលចំណេញពីការបញ្ចុះថ្លៃទាំងពីរនេះ សរុបមានប្រមាណ ៣,៣៣០,០០០ដុល្លារអាមេរិក។ ហេតុនេះ សរុបចំណេញពីការបញ្ចុះថ្លៃទាំងអស់ គឺមានចំនួន ៦,៧២០,០០០ដុល្លារអាមេរិក។
សម្តេចមានប្រសាសន៍បន្ថែមថា «ខ្ញុំសូមកត់សម្គាល់ថា ក្រុមហ៊ុនកប៉ាល់ដឹកកុងតឺន័រមួយចំនួន នៅមិនទាន់បានឆ្លើយតប ទៅនឹងការបញ្ចុះថ្លៃទៅនឹងកំពង់ផែទាំងពីរ និងការលុបកាំសាបរបស់រាជរដ្ឋាភិបាលនៅឡើយ។ ជាមួយនេះខ្ញុំសូមអរគុណក្រុមហ៊ុន SITC Logistic Cambodia ដែលបានដឹកមុខគេ ក្នុងការបញ្ចុះថ្លៃសេវាដឹកជញ្ជូនផ្លូវទឹក ជាពិសេសការដឹកអង្ករទៅចិន»។
«ខ្ញុំសុំយកឱកាសនេះ អំពាវនាវឲ្យក្រុមហ៊ុនដឹកកប៉ាល់ ដឹកកុងតឺន័រទាំងអស់ ពិនិត្យលទ្ធភាពបញ្ចុះថ្លៃសេវាដឹកជញ្ជូនបន្ថែមទៀត។ ខ្ញុះក៏ស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តការចរចារជាមួយក្រុមហ៊ុនកប៉ាល់ទាំងនោះបន្តទៀត និងពិនិត្យ តាមដានការអនុវត្តរបស់ក្រុមហ៊ុនខាងលើ ទាក់ទងនឹងការបញ្ចុះតម្លៃ ដែលបានឯកភាពគ្នារួចមកហើយនោះ»៕