(រុស្ស៊ី)៖ ឆ្លៀតពេលដ៏មមាញឹកក្នុងដំណើរទស្សនកិច្ច នៃគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយតំណាងនិស្សិត ដែលកំពុងសិក្សានៅតាមសាលាយោធានៃសហព័ន្ធរុស្ស៉ីនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នៅរដ្ឋធានីម៉ូស្គូ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាព និងការកោតសរសើរចំពោះនិស្សិតដែលបានខិតខំរៀនសូត្រ និងមានឱកាសបន្តការសិក្សានៅប្រទេសរុស្ស៊ី ដែលនេះគឺជាការបង្ហាញ នូវសមត្ថភាពកូនខ្មែរនៅលើឆាកអន្តរជាតិ។
ឧត្តមសេនីយ៍ឯក បានផ្ដល់នូវបទពិសោធន៍ និងការលើកទឹកចិត្តនិស្សិតខ្មែរទាំងអស់ ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីបន្តការខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ សិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីជាមោទនភាពខ្លួនឯងផងគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិវឌ្ឍប្រទេសជាតិ នៅពេលដែលត្រឡប់ទៅមាតុភូមិវិញ។
មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបញ្ជាក់ថា ឱកាសដែលនិស្សិតកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក និងបានស្នើសុំឲ្យបណ្តាប្រទេសទាំងអស់នោះ ជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។
តំណាងនិស្សិតដែលកំពុងសិក្សានៅប្រទេសរុស្សី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ឱកាសឱ្យនិស្សិតខ្មែរបានសិក្សារៀនសូត្រនៅប្រទេសរុស្ស៊ី។ តំណាងនិស្សិតក៏បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹកជួបសួរសុខទុក្ខ និងសំណេះសំណាលផ្ដល់បទពិសោធន៍ លើកទឹកចិត្តដល់និស្សិតខ្មែរ ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការសិក្សារៀនសូត្ររបស់និស្សិតខ្មែរនៅក្រៅប្រទេស៕