(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មានសាច់លុយសុទ្ធដម្កល់ ក្នុងរតនាគារជាតិកម្ពុជា ប្រមាណ៣,០០០លានដុល្លារ ដើម្បីត្រៀមចំណាយក្នុងករណីចាំបាច់ ពិសេសលើការបើកប្រាក់បៀវត្ស៍ជូនមន្ដ្រីរាជការ ដោយមិនមានផលប៉ះពាល់អ្វីឡើយ។
ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ឱកាស អញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។ វេទិកានេះមានការ ចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី សាច់លុយសុទ្ធតែកំពុងដម្កល់ទុកក្នុងរតនាគារជាតិកម្ពុជានេះ មិនទាន់បានគិតពីលុយបម្រុងអន្ដរជាតិ ប្រមាណជាង១៣ពាន់លានដុល្លារនោះទេ ហើយលុយទាំងអស់នេះ អាចធានាដល់ការបើកប្រាក់បៀវត្ស៍ ជូនមន្ដ្រីរាជការ ២ដងក្នុងរយៈពេលមួយខែ និងប្រាក់បន្ថែមផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សាច់លុយមកដល់ម៉ោងនេះ យើងមានដម្កល់ទុកនៅក្នុងរតនាគារជាតិ៣,០០០លានដុល្លារ មិនទាន់គិតពីលុយបម្រុងអន្ដរជាតិ ប្រមាណជា១៣ពាន់លានដុល្លារ។ ព្រឹកមិញនេះមុនខ្ញុំមកឡើងដល់១១លានលាន ជាង ចឹងជិត៣,០០០លានដុល្លារ ជាសាច់លុយ ដែលធានាបើកឲ្យមន្ដ្រីរាជការយើង២អាទិត្យបើកម្ដង តម្លើងប្រាក់ខែបើក»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាទូទាត់សំណង ជូនក្រុមហ៊ុនឧកញ៉ា គិត ម៉េង ក្រោយបញ្ចប់ការធ្វើអាជីវកម្មផ្លូវដែក បើទោះបីត្រូវចំណាយ១០០លានដុល្លារ ក៏ត្រូវតែចំណាយដែរ ព្រោះរាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការងារនេះ៕