(ហាណូយ)៖ ប្រតិភូក្រសួងទេសចរណ៍ចំនួន ៥រូប និងក្រុមហ៊ុនទេសចរណ៍ចំនួន២ក្រុមហ៊ុន ដឹកនាំដោយលោក ហេង សុខចំរើន អគ្គនាយករងក្រសួងទេសចរណ៍ បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «VITM-Vietnam International Travel Mart 2019» នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-៣០ ខែមីនា ឆ្នាំ២០១៩។
សូមជម្រាបថា ពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM 2019 បានធ្វើឡើងកាលពីម្សិលមិញក្រោមអធិបតីភាព លោក វ៉ូ ឌឹកដាម ឧបនាយករដ្ឋមន្រ្តីវៀតណាម និងចូលរួមពីសំណាក់លោករដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងស្ថានឯកអគ្គរដ្ឋទូតនានាប្រចាំប្រទេសវៀតណាមផងដែរ។
ការតាំងពិព័រណ៍នេះក៏មានការចូលរួមពីបណ្តាប្រទេសចំនួន ២៥ និង ៤៧ខេត្ត របស់ប្រទេសវៀតណាម ដែលមានស្តង់ពិព័រណ៍សរុបចំនួន ៥០៣ស្តង់ ក្នុងនោះអ្នកលក់ និងអ្នកទិញមានចំនួន ៧២០ រួមទាំងសារព័ត៌មានក្រៅស្រុក និងក្នុងស្រុកជាច្រើនទៀត។
លើសពីនេះគណៈកម្មការរៀបចំបានរំពឹងទុកថា រយៈពេល៤ថ្ងៃ នៃការតាំងពិព័រណ៍នេះ នឹងមានភ្ញៀវចូលទស្សនាបណ្តាស្តង់ពិព័រណ៍ប្រមាណ ៨៥,០០០នាក់។
ក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមតាំងបង្ហាញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា និងផ្សព្វផ្សាយពីកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ នៅរាជធានីភ្នំពេញផងដែរ។
ឆ្នាំ២០១៨ កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងអត្រាកំណើន ១០.៧% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរវៀតណាមមកទស្សនាកម្ពុជាមាន ៨០០,១២៨នាក់។
ដោយឡែក ២ខែដើមឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរវៀតណាមមកកម្ពុជាមានប្រមាណ ១២៤,២៦៦នាក់ កើនឡើង ១.៧%។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរចំនួន ៥ ធ្វើការហោះហើររវាងកម្ពុជា-វៀតណាម សរុបប្រមាណ ២៣ជើង ក្នុងមួយថ្ងៃ ក្នុងនោះមានជើងហោះហើរ ភ្នំពេញ-ហូជីមិញ ភ្នំពេញ-ហាណូយ សៀមរាប-ហូជីមិញ សៀមរាប-ហាណូយ សៀមរាប-ដាណាំង សៀមរាប-ញ៉ាចាង កងកេង-សៀមរាប-ដាណាំង កងកេង-សៀមរាប-ហាណូយ៕