(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីការកែសម្រួលការបង់សេវាផ្សេងៗ វិស័យឯកជនចំណេញ ៤០០លានដុល្លារ ពីការចំណាយលើសេវាផ្សេងៗ ហើយតាមការកែសម្រួលនេះ ទោះបី EU មិនផ្តល់អនុគ្រោះពន្ធក៏កម្ពុជាមិនស្លាប់នោះដែរ។
ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះការនាំចេញប្រទេសមួយចំនួនតម្រូវការយើងស្កេន អាហ្នឹងយើងត្រូវស្កេន បើប្រទេសមួយចំនួន មិនត្រូវការឱ្យស្កេន មិនចាំបាច់ស្កេនទេ ដឹកទៅកុំឱ្យវាស្ទះ ហើយយឺតយ៉ាវទៅដល់ការលើកដាក់នាវា ហើយនាវានាំចេញ ធ្វើយ៉ាងដូច្នេះ ខ្ញុំសូមជម្រាបថា គ្រាន់តែសម្រួលនេះយើងបូកត្រួសៗ នៃការកាត់បន្ថយការចំណាយ យើងចំណេញប្រមាណ៤០០លាន កាត់បន្ថយស្អីៗ ទាំងអស់នេះបណ្តាលក្រុមហ៊ុននានា កាត់បន្ថយ [...] អញ្ចឹងទេបើសិន EU ឱ្យយើងបង់ពន្ធក៏យើងបង់ពន្ធបានដែរ កុំខ្វល់ពេក»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអតីតកាលរបស់កម្ពុជាថា កម្ពុជាឈឺចាប់ឆ្អែតឆ្អន់ពេកហើយលើការបង្គាប់បញ្ជាពីសំណាក់ បរទេស ដែលឱ្យកម្ពុជាធ្វើនេះ ធ្វើនោះទៅតាមអ្វីដែលពួកគេចង់បាន ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនចង់ទទួលយក ដោយលើកយកការអនុគ្រោះពន្ធមកគំរាមកំហែងកម្ពុជា។ ដូច្នេះកម្ពុជា មិនត្រូវបន្តទទួលនូវការឈឺចាប់ និងឱនក្បាលដាក់បរទេស ណាមួយទៀតនោះឡើយ។ បច្ចុប្បន្ននេះ កម្ពុជាអាចរកស៊ីជាមួយបណ្តាប្រទេសនានាបានដោយស្រួល គឺគេបង់ពន្ធឱ្យកម្ពុជា កម្ពុជាក៏ត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធឱ្យគេដូចគ្នា ហើយកម្ពុជា មិនគួរគម្បីទទួលរឿងបែបនេះទៀតនោះទេ ក្រោមលេស និងហេតុផលផ្សេងៗទៀត។
ទន្ទឹមនឹងនេះដែរនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្តថា អតីតកាលរបស់កម្ពុជា គឺមានការឈឺចាប់ខ្លាំងណាស់ហើយ ដែលកម្ពុជាបានរើសបម្រាស់រួចផុត ពីការកាប់សម្លាប់ពីរបប «ប៉ុល ពត» និងត្រូវបានបរទេសហ៊ុព័ន្ធទាំងនយោបាយ ព្រមសេដ្ឋកិច្ច ប៉ុន្តែកម្ពុជា នៅតែរស់ ដែលកម្ពុជាបានប្រឹងប្រែងងើបឈរឡើង ចាប់ពីទីក្រុងភ្នំពេញ មានមនុស្សតែ៧០នាក់។ ដូច្នេះ បច្ចុប្បន្ននេះ ក្នុងនាមជាអ្នកកាច់ចង្កូតនាវាកម្ពុជា គឺប្រឆាំងដាច់ខាតមិនទុកឱ្យបរទសណាមួយមកបង្គាប់បញ្ជា លើជោគវាសនារបស់កម្ពុជា ជាដាច់ខាត និងមិនយកឯករាជ្យជាតិ អធិបតេយ្យភាព ទៅដោះដូរជាមួយនឹងអ្វីៗទាំងអស់ បើទោះបីជាត្រូវរឹតក្រមានឹងចង្កេះ ក៏ត្រូវតែរឹតដែល គឺដើម្បីធានានូវឯករាជ្យជាតិរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ជនណាដែលឱនក្បាល និងលិឌជើងឱបបរទេស ដើម្បីទទួលបាននូវភាពអនុគ្រោះពន្ធ «EBA» មិនបាច់មកធ្វើជាមេដឹកនាំប្រទេសកម្ពុជានោះទេ ហើយក្នុងនាមថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចមិនមានចរិកជាតិនិយម ឬចង្អៀតចង្អល់នោះទេ ប៉ុន្តែកម្ពុជា មានចរិកជាតិនិយមមួយ គឺរក្សាឯករាជ្យជាតិ អធិបតេយ្យដែលកម្ពុជា មាននៅក្នុងដៃពេលបច្ចុប្បន្ននេះ ឱ្យបានគង់វង្សផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចត្រូវដង្ហែតាមព្រះតម្រិះរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាជាតិខ្មែរ កាលពីជំនាន់មុន គឺសុខចិត្តឱ្យបរទេសកាត់ជំនួយ តែព្រះអង្គមិនលូនទៅឱបជើងបរទេសនោះទេ គឺព្រះអង្គមិនលក់អធិបតេយ្យជាតិ ឱនក្បាលដាក់បរទេសណាមួយនោះឡើយ។ ដូច្នេះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ត្រូវតែរៀនសូត្រតាមព្រះរាជតម្រិះ របស់ព្រះបិតាជាតិខ្មែរ ដែលបានបង្រៀន និងបន្សល់ទុកនូវភាពអង់អាចក្លាហាននេះ ឱ្យប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយរៀនសូត្រតាម៕