(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលការងារដឹកនាំផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការជំរុញអនុវត្តន៍ វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ក្រុមការងារក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងតំណាងអង្គភាពពាក់ព័ន្ធ លោកស្នងការរង នាយ នាយរងការិយាល័យរួមទាំងមន្ត្រីការិយាល័យជំនាញព្រហ្មទណ្ឌ លោកអធិការអធិការងនគរបាលក្រុង/ស្រុកជាច្រើនអ្នកផងដែរ។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីបែបផែនដឹកនាំក្នុងកិច្ចប្រតិបត្តិការការចាត់តាំងអនុវត្តផែនការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍បរទេស និងលទ្ធផលការងារ ដែលកងកម្លាំងនគរបាលបានអនុវត្តកន្លងមកជូនអង្គពិធីរួចមក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានក្រើនរំលឹកដល់កម្លាំងថា អនុវត្តន៍អនុសាសន៍សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងទេចរណ៍ និងអនុវត្តតាមផែនការរបស់អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវផែនការសកម្មភាពដើម្បីជំរុញការចាត់តាំងអនុវត្តផែនការយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍បរទេស សូមឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ អង្គភាពនគរបាលទេសចរណ៍ និងកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងដែលពាក់ព័ន្ធ ដទៃទៀតត្រូវរួមកិច្ចសហប្រតិបត្តិការគ្នាឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីអនុវត្តភារកិច្ចឲ្យមានតម្លាភាព។
អគ្គស្នងការរងរូបនេះ ក៏បានលើកពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ឲ្យកងកម្លាំងយកចិត្តទុកដាក់ត្រួតពិនិត្យ និងក្ដាប់សភាពការណ៍រាល់សកម្មភាព បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើស លួច ឆក់ ដែលកើតមានឡើងនៅតាមភូមិសាស្ត្រខេត្ត ដោយផ្តោតសំខាន់រកឲ្យឃើញឧបាយកល និងកល្បិចថ្មីៗ របស់មុខសញ្ញាលួច ឆក់។
បន្ថែមពីនេះ ត្រូវសិក្សា និងកំណត់ភូមិសាស្ត្រស្មុគស្មាញដែលមុខសញ្ញា តែងតែប្រព្រឹត្តបទល្មើស ហើយមានឱកាសប្រមូលផ្តុំបក្ខពួករៀបចំធ្វើសកម្មភាពថ្មី ព្រមទាំងពង្រឹងឡើងវិញនូវវិធានការគ្រប់គ្រងរដ្ឋបាលមធ្យោបាយត្រួតពិនិត្យ អាវុធជាតិផ្ទុះ ទីតាំងទទួលបញ្ចាំ ដើម្បីចូលរួមកិច្ចការបង្ការទប់ស្កាត់ និងការងារស្រាវជ្រាវបទល្មើសក្នុងនោះ ត្រូវយកចិត្តទុកដាក់ការងារគ្រប់គ្រងការស្នាក់នៅបណ្តោះអាសន្ន អ្នកប្រកបរបររកទទួលទានរត់ម៉ូតូឌុប ម៉ូតូកង់បី រថយន្តតាក់ស៊ី ដើម្បីមានវិធានការក្តាប់ហ្មត់ចត់មុខរបរ ដែលងាយមានការទាក់ទងនឹងអំពើចោរកម្ម។
លើសពីនេះ ត្រួតពិនិត្យសមាសភាពជនសង្ស័យជាប្រភេទក្រុមកេ្មងទំនើង ប្រើប្រាស់យានយន្តមិនប្រក្រតី (ម៉ូតូគ្មានស្លាកលេខ ឬស្លាកលេខក្លែងក្លាយ បិទស្លាកលេខ ឬដោះស្លាកលេខទុក) យានយន្តខុសលក្ខណៈបច្ចេកទេស។ ល។ ត្រូវកសាងប្រើប្រាស់ភ្នាក់ងារផ្តល់ព័ត៌មាន និងមហាជនល្អ ដើម្បីទទួលព័ត៌មានបម្រើការងារបង្ការបង្ក្រាបមុខសញ្ញាបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានណែនាំសហការជាមួយមូលដ្ឋានបំផុសចលនាមហាជនប្រជាការពារ ភូមិ-ឃុំរួមចំណែកលើកកម្ពស់ការអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវពិនិត្យសើរើសំណុំរឿងដែលបានស៊ើបអង្កេតបញ្ចប់បញ្ជូនទៅសាលាដំបូង ដើម្បីសហការពន្លឿនចេញដីកាស្វែងរកចាប់មុខសញ្ញាសេសសល់ក្នុងការបង្ក្រាបមិនទាន់អស់។ ជំរុញការអនុវត្តនូវវិធានការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទឲ្យបានច្បាស់លាស់ដើម្បីបម្រើឲ្យការងារស៊ើបអង្កេតបង្ក្រាបមានគុណភាព និងប្រសិទ្ធិភាពខ្ពស់៕