(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបញ្ចប់ ការធ្វើអាជីវកម្មលើផ្លូវដែករបស់ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ដោយឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន រង់ចាំរកក្រុមហ៊ុនថ្មីមកវិនិយោគ ធ្វើឲ្យផ្លូវដែកកាន់តែប្រសើរ។
សម្តេចតេជោប្រមុខរាជរដ្ឋាកម្ពុជាបានថ្លែងថា ការសម្រេចបបញ្ចប់ការធ្វើអាជីវកម្មនេះ មិនមែនជាកំហុសរបស់ឧកញ៉ា គិត ម៉េង នោះទេ តែជាការរកវិធីធ្វើឲ្យប្រសើរលើផ្លូវដែករបស់កម្ពុជា ហើយក៏ជួយសម្រួលបន្ទុករបស់អ្នកឧកញ៉ា គិត ម៉េង ផងដែរ បន្ទាប់ពីក្រុមហ៊ុនវិនិយោគដែលជាដៃគូ គឺក្រុមហ៊ុន Toll Railway ដកខ្លួនចេញពីកម្ពុជា ក្នុងគម្រោងផ្លូវដែកនេះ។
សម្តេចតេជោក៏បានប្រកាសឲ្យមានការដេញថ្លៃវិនិយោគលើផ្លូវរថភ្លើងជាថ្មី គឺបើកចំហរឲ្យគ្រប់ក្រុមហ៊ុនចូលរួមដេញថ្លៃ មិនមែនចងមុងដេញថ្លៃដូចមុនទៀតទេ និងជំរុញឲ្យការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រជុំជាមួយក្រុមហ៊ុន Royal Railway ដើម្បីដោះស្រាយសំណងផលប៉ះពាល់ជូនដល់អ្នកឧកញ៉ា គិត ម៉េង ផងដែរ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធផ្លូវដែក របស់យើងរាជរដ្ឋាភិបាល សម្រេចបញ្ចប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Royal Railway Cambodia ក្នុងប្រតិបត្តិការផ្លូវដែក។ រាជរដ្ឋាភិបាលសម្រេចប្រគល់ ការគ្រប់គ្រងផ្លូវដែក ទៅឲ្យក្រសួងសាធារណការ និងដឹកញ្ជូនជាបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធីគ្រប់គ្រងដំណើរការឡើងវិញ មុននឹងឈានដាក់ឲ្យដេញថ្លៃជាសាធារណៈ ជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ មកសហការជាមួយរាជរដ្ឋាភិបាលសំដៅធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជា ប្រកបដោយស្តង់ដារអន្តរជាតិ មានលក្ខណៈទំនើបជឿនលឿនក្នុងការដឹកជញ្ជូនទំនិញ អ្នកដំណើរប្រកបដោយជឿជាក់»។
សម្តេចតេជោបានថ្លែងទៀតថា «ខ្ញុំសុំបញ្ជាក់បន្តិចដើម្បីជៀសវាងការភាន់ច្រឡំ ណាមួយទៅលើឧកញ៉ា គិត ម៉េង ។ រឿងនេះវាដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យគឺវាកើតឡើងពិតមែន [...] ខ្ញុំឃើញផ្លូវវាមិនទៅមុខ។ ពីមុនទោះមានការដាច់ក្តី ដោយ ប៉ុល ពត ក្តីក៏នៅដំណើរការ ប៉ុន្តែដល់ប្រទេសសន្តិភាពបែរជាដំណើរការអត់បាន។ ខ្ញុំសួរថា មូលហេតុអី? គ្រាន់តែចរចាចាប់ផ្តើម ហើយយើងទទួលចេញខាងក្នុង១ឆ្នាំ ២លានដុល្លារស្រេចទៅហើយ គ្មាននរណាគេរកស៊ីអីចឹងទេ។ លុបកុងត្រាចោល ហើយសងលុយទៅធនាគារអភិវឌ្ឍន៍អាស៊ីវិញ»។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្តល់ក្បាលម៉ាស៊ីនរថភ្លើង និងទូរថភ្លើងទោះចាស់ក្តីដល់កម្ពុជា ដើម្បីអាចដាក់ដំណើរការ និងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា។ ខណៈនាយករដ្ឋមន្ត្រីថៃ បានផ្តល់ក្បាលរថភ្លើងឲ្យកម្ពុជា យកមកប្រើប្រាស់ផងដែរ ដើម្បីដាក់ដំណើរការសម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ភ្ជាប់ផ្លូវដែកនៃប្រទេសទាំង២ កម្ពុជា-ថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរនូវវីរភាព របស់សម្តេចព្រះបមរតនកោដ នាទសវត្សរ៍៨០ និងដើមទសវត្ស៍៩០ ដែលមានដំណើរការរថភ្លើងយ៉ាងល្អ បើទោះបីសម័យនោះមិនទាន់ មានសន្តិភាពពេលលេញក៏ដោយ ប៉ុន្តែកម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញហើយ តែផ្លូវរថភ្លើងមិនទាន់ដំណើរការល្អទៀត ដូច្នេះទាមទារឲ្យមានការ កែសម្រួលថ្មី៕