(ភ្នំពេញ)៖ ដើម្បីសម្រួលដល់បរិយាកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពប្រកួតប្រជែងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រេចលុបចោលថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃ នៃថ្ងៃឈប់សម្រាកពេញមួយឆ្នាំ ដែលមានរយៈពេលពី២៨ ទៅ៣០ថ្ងៃនោះ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យ និងទិវាផ្សេងៗ យើងពិនិត្យឃើញថា ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ នៅកម្ពុជា មានចំនួនច្រើនជាងប្រទេសជិតខាង។ សម្រាប់កម្ពុជា នាពេលកន្លងមក យើងមានថ្ងៃឈប់សម្រាក ពី២៨ថ្ងៃ ទៅ៣០ថ្ងៃ ក្នុងមួយឆ្នាំ នៅដែលប្រទេសជិតខាង ដូចជា វៀតណាម មានតែ១៣ថ្ងៃ ប្រទេសឡាវ មានតែ១២ថ្ងៃ ប្រទេសថៃ មាន១៦ថ្ងៃ ប្រទេសសិង្ហបុរី មាន១២ថ្ងៃ។ ខ្ញុំបានណែនាំដល់ក្រុមអន្ដក្រសួងស្ថាប័ន នៅក្រោមការសម្របសម្រួល របស់គណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងលើកសំណើកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក ហើយបានសម្រេចលុបថ្ងៃឈប់សម្រាក សរុបចំនួន៧ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្ដ ចាប់ពីឆ្នាំ២០២០ទៅ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកការងារនេះ គឺមិនមែនមានន័យថា ជាការលុបបំបាត់ចោល ពិធីបុណ្យ ព្រះរាជពិធី និងទិវាជាតិអន្ដរជាតិ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើយ៉ាងខ្ជាប់ខ្ជួនកន្លងមកនោះទេ ក៏ប៉ុន្ដែចំថ្ងៃប្រារព្ធពិធីនោះ មន្ដ្រីរាជការ ក្នុងវិស័យសាធារណៈ និងនិយោជិក កម្មករក្នុងវិស័យឯកជនទាំងអស់ ត្រូវបំពេញការងារជាធម្មតា»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការពិចារណកាត់បន្ថយថ្ងៃឈប់សម្រាក ដោយលើកយកថ្ងៃសម្រាកមួយថ្ងៃៗ ទៅបូកជាមួយថ្ងៃបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យមានរយៈពេលឈប់បានយូរ។ ចំពោះបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃនោះ ត្រូវលុបចោល២ថ្ងៃវិញ នៅសល់តែ១ថ្ងៃប៉ុណ្ណោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ កម្មករ កម្មការិន ដូចជាមន្ត្រីរាជការទាំងអស់ ព្រោះការកាត់បន្ថយថ្ងៃឈប់សម្រាក ដោយសម្តេចចាត់ទុក ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ គឺជាការធ្វើកំណែទម្រង់ ដើម្បីធានាដល់ដំណើរការ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយមិនខ្វល់ថាមាន ឬ គ្មាន EBA នោះទេ ហើយដើម្បីកុំឲ្យអ្នករកស៊ីរត់ចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះទៀតថា «ខ្ញុំសូមស្នើមេត្ដាយោគយល់ មន្ដ្រីរាជការ កងកម្លាំងប្រដាក់អាវុធ ក៏ដូចជាកម្មករ កម្មការិនី របស់យើងមេត្ដាយោគយល់ ដល់ស្ថានភាពប្រទេសជាតិរបស់យើង ការពិតទៅកាលពីដើមឡើយ ចំនួនថ្ងៃឈប់សម្រាករបស់យើង ក៏មានចំនួនតិចទេ ក៏ប៉ុន្ដែក្នុងមួយឆ្នាំៗ យើងចេះតែបង្កើនៗ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសរបស់យើង ដែលជាប្រទេសក្រ ក៏ប៉ុន្ដែក្លាយជាប្រទេស ដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេ ដែលធ្វើឲ្យមានការលំបាក ទៅដល់ការរីកលូតលាស់ រីកចម្រើនលូតលាស់សេដ្ឋកិច្ចជាតិ»៕